(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានបង្ហាញអំពីសមិទ្ធផលលេចធ្លោសំខាន់ៗមួយចំនួន ក្នុងរយៈពេល ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតានម (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២ផងដែរ។

ក្នុងបទសម្ភាសស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរនៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញអំពីសមិទ្ធផលលេចធ្លោសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, វិស័យអប់រំ, វិស័យសន្តិសុខ និងការពារជាតិ, វិស័យព្រំដែន, វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិដូចខាងក្រោម៖

* វិស័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សំគាល់។ បើយើងមើលថយក្រោយបន្តិច ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ១៩៩៥ មានត្រឹមតែ ៨៥ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩ យើងសម្រេចបានតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងទំហំប្រមាណ ៥,២ ប៊ីលានដុល្លារអាម៉េរិក។ ក្នុងគ្រាដែលពិភពលោកជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ យើងសម្រេចបានជាង ៥,៣ ប៊ីលានដុល្លារអាម៉េរិក ហើយបានបន្តកើនឡើងជាង ៩,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។ ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់យើងសម្រេចបានប្រមាណ ៥,៤៥ ប៊ីលានដុល្លារអាម៉េរិក រួចទៅហើយ។ ដោយឡែក វិនិយោគផ្ទាល់ (FDI) ពីប្រទេសវៀតណាម មានការរីកចម្រើនជាបន្តបន្ទាប់។ គិតត្រឹមចុងឆ្នាំ២០២១ ទុនវិនិយោគផ្ទាល់បរទេសរបស់វៀតណាមនៅកម្ពុជាឈរលំដាប់ទី៤ ក្នុងទឹកប្រាក់សរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក។

* វិស័យអប់រំ ប្រទេសយើងទាំងពីរបានធ្វើការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍ទៅវិញទៅមកជាទៀងទាត់ចាប់តាំងពីឆ្នាំ១៩៨១ ដោយក្នុងមួយឆ្នាំវៀតណាមបានផ្តល់ឱ្យយើង ១២០កន្លែង ហើយយើងក៏បានផ្តល់ជូនវៀតណាមវិញ ៣៥កន្លែង។ កម្ពុជាបានបញ្ជូននិស្សិតអាហារូបករណ៍ ទៅសិក្សានៅវៀតណាមចាប់ពីថ្នាក់មធ្យមសិក្សាបច្ចេកទេស ដល់ថ្នាក់បណ្ឌិត ចំនួន ៣.៩៦៧នាក់ ក្នុងចន្លោះឆ្នាំ ១៩៨១-២០២១ ហើយនិស្សិត និងមន្រ្តីវៀតណាមចំនួន ៤៧៧នាក់ បានមកសិក្សានៅកម្ពុជាចាប់ពីឆ្នាំ ២០០០-២០២១។

* វិស័យសន្តិសុខ និងការពារជាតិ កងកម្លាំងនៃប្រទេសពីរ ទាំងប៉ូលីស និងយោធា បាននិងកំពុងបន្តសហការគ្នាចាត់វិធានការយ៉ាងម៉ឺងមាត់ និងដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់រាល់សកម្មភាពនៃបទល្មើសគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន ដូចជា ភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធទំនិញ ការកាប់ព្រៃឈើខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែននានា ។ល។

* ក្នុងកិច្ចការព្រំដែន ការកសាងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ពាក់ព័ន្ធនឹងការងារខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយវៀតណាម យើងសម្រេចបានវឌ្ឍនភាពការងារទៅដល់ ៨៤% ហើយយើងកំពុងតែខិតខំចរចារ ដើម្បីជម្រុញការងារនេះបញ្ចប់ឱ្យបានឆាប់។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបើកច្រកព្រំដែន និងការគ្រប់គ្រងព្រំដែន កំពុងបន្តដំណើរការទៅមុខយ៉ាងរលូន។ បច្ចុបន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនជាមួយវៀតណាមសរុបចំនួន៤៣ ក្នុងនោះមានច្រកទ្វារកំពង់ផែសមុទ្រចំនួន០៤ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១៤ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៣ និងច្រកទ្វារតំបន់ចំនួន១២។ ថ្មីៗ នេះ ក្នុងពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្តេចតេជោយករដ្ឋមន្រ្តីបានប្រកាសថា ច្រកទ្វារអន្តរជាតិកម្ពុជា វៀតណាមថ្មីមួយទៀត នឹងត្រូវបានបង្កើតឡើងនៅតំបន់នេះ។
ក្នុងឆ្នាំកន្លងទៅនេះ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ទល់នឹងច្រកព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាលទាំងពីរសម្រេចឱ្យដំណើរការក្នុងកម្រិតថ្នាក់ខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរ មុននឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្នុងពេលវេលាសមស្របនាពេលឆាប់ៗខាងមុខ។ ការបង្កើតផ្សារគំរូព្រំដែនកម្ពុជា វៀតណាម “ផ្សារដា” ក្នុងខេត្តត្បូងឃ្មុំ មិនត្រឹមតែចូលរួមចំណែកដល់កិច្ចជម្រុញពាណិជ្ជកម្មទ្វេភាគីតាមបណ្តោយព្រំដែនប៉ុណ្នោះទេ ប៉ុន្តែក៏ជាការជម្រុញអនុវត្តចក្ខុវិស័យរបស់សម្តេចតេជាក្នុងការអភិវឌ្ឍ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីលើកកំពស់ជីវភាព សុខមាលភាព និងភាពសុខសាន្តរបស់ប្រជាជនរស់នៅតំបន់ព្រំដែនផងដែរ។

* វិស័យសុខាភិបាល នៅចំពោះមុខបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានជ្រោមជ្រែង និថគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈវេជ្ជសាស្ត្រ និងស្មារតីសាមគ្គីភាព បន្ថែមលើកិច្ចសហប្រតិបត្តិការគ្រប់គ្រងជំងឺឆ្លង និងជំងឺផ្សេងៗ តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តន៍ ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។

* កិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ៖ ក្រៅពីកិច្ចសហប្រតិបត្តិទ្វេភាគី យើងក៏មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងអនុតំបន់ និងតំបន់ ដូចជាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) ក្របខ័ណ្ឌយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ និងនៅថ្នាក់តំបន់យើងមានអាស៊ាន (ASEAN) ដែលយើងតែងតែធ្វើការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់មជ្ឈភាព សាមគ្គីភាព ឯកភាព និងនិម្មាប្បនកម្មអាស៊ាន។ ដោយឡែក នៅលើឆាកអន្តរជាតិឯណោះវិញ ពោលក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា យើងក៏តែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកផងដែរ៕