(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាម៉ោង ៣៖០០នាទីរសៀលថ្ងៃទី២០ ខែតុលានេះហើយ ដែលធ្វើឡើងលើទឹកដីកណ្ដាលនៅទីក្រុងភ្នំពេញដូចគ្នា។

ចំពោះកម្មវិធីប្រកួតរួមមានក្រុម ស.ស.យ.ក ខេត្តបាត់ដំបង នឹងត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា។ រីឯ ១គូទៀត គឺខេត្តបន្ទាយមានជ័យ នឹងត្រូវជួបក្រុមកំពុងឡើងជើងកោះកុងអេហ្វស៊ី នៅកីឡដ្ឋាន AEU Sport Park របស់ក្លិបអាស៊ីអឺរ៉ុប។

ក្រឡេកទៅមើលលទ្ធផលកាលពីវគ្គ ៨ក្រុមចុងក្រោយ ខេត្តបាត់ដំបងបានយកឈ្នះខេត្តកណ្ដាល ៧-១ ខណៈគូប្រជែងរបស់ខ្លួន គឺក្រុមជើងឯករងឆ្នាំចាស់ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២-០។ រីឯខេត្តបន្ទាយមានជ័យ បានទម្លាក់ក្រុមសៀមរាបអេហ្វស៊ី ក្នុងលទ្ធផល ១-០ ផ្ទុយពីក្រុមកោះកុង ដែលបានលត់ខេត្តកំពង់ឆ្នាំង ៩-១។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងលើ ក៏មិនខុសពីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រដែរ ដោយការប្រកួតនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីឈ្នះ-ចាញ់ និងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ។ ចាំមើលរវាងខេត្តបាត់ដំបង ប៉ះខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ប៉ះកោះកុងអេហ្វស៊ី តើក្រុមណាខ្លះ នឹងដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំនេះ?

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៣ ខែតុលាចុងសប្ដាហ៍នេះ ប៉ុន្ដែគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ពុំទាន់បញ្ជាក់ទីលាន ដែលជាទឹកដីកណ្ដាលត្រូវស្វាគមន៍ការប្រកួតដណ្ដើមជើងឯកនេះនៅឡើយទេ៕