(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ការអភិវឌ្ឍកម្ពុជាគ្រប់វិស័យ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនបានទេ គ្មានប្រទេសណាដែលជួយកម្ពុជា ដូចប្រទេសចិនបានជួយកម្ពុជាឡើយ។

ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅទីស្តីការក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ប្រាក់ សុខុន បានថ្លែងថា «យើងខ្ញុំកត់សំគាល់ដោយរីករាយបំផុតថា ទំនាក់ទំនង និងមិត្តភាពជិតស្និតរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ បានរួមចំណែកសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ក្នុងដំណាកកាលថ្មីក៏ដូចជា រួមចំណែកក្នុងកិច្ចប្រឹងប្រែងរួមគ្នា កសាងសហគមន៍ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរនេះ»

លោកបានបន្ថែមថា ប្រទេសចិនបានគ្រប់គ្រងដោយជោគជ័យពីជំងឺកូវីដ១៩ និងបានស្ដារព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ជាក់ស្ដែងក្នុងត្រីមាសទី១ សេដ្ឋកិច្ចរបស់ចិន កើនឡើង១៨.៣ភាគរយ ក្នុងនោះប្រទេសចិនក៏បានបោះដៃជួយ ដល់ប្រទេសនានាលើពិភពលោក ដែលត្រូវការសំភារៈពេទ្យ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩។ និយាយចំពោះកម្ពុជាក៏បានទទួលជំនួយ ជាហូរហែពីប្រទេសចិនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «គ្មានប្រទេសណាលើពិភពលោក បានជួយដល់កម្ពុជា ដូចប្រទេសចិនជួយមកកាន់កម្ពុជាឡើយ និងសូមអរគុណប្រទេសចិន ចំពោះការបន្ដជួយឧបត្ថម្ភដល់កម្ពុជាទៅតាមមាគាផ្ទាល់របស់ខ្លួន និងបានផ្ដល់ជំនួយឧបត្ថមខាងផ្នែកអភិវឌ្ឍន៍ គ្រប់កាលៈទេសៈទាំងអស់។ នេះជាការបង្ហាញថា ការអភិវឌ្ឍកម្ពុជាគ្រប់វិស័យ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់មិត្តចិនបានទេ»