(កំពង់ឆ្នាំង)៖ លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុន ខេអិលភីធីត្រេនស្ព័រថេសិន ដែលជាក្រុមហ៊ុនទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល កសាងកំពង់ផែពហុបំណង មណ្ឌលភ័ស្តុភាកម្ម នៅលើដីទំហំ១០០ហិកតា ស្ថិតនៅតំបន់ភ្នំទេពី ក្នុងភូមិសាស្ត្រភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង បានផ្ដល់កិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការកសាងកំពង់ផែ ពហុបំណង និងមណ្ឌលភ័ស្តុភាកម្មនេះ នឹងកសាងរួចរាល់ដាក់ប្រើប្រាស់ឲ្យធ្វើអាជីវកម្មដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារ នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ចក្ខុវិស័យនៃផែនការកសាងកំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្មនេះមាន៣ដំណាក់កាល រួមមាន៖

*ដំណាក់កាលទី១៖ រយៈពេល៣ខែ ត្រូវកសាងកំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្ម ដែលមានផ្ទៃដីទំហំ១០០ហិកតានេះឲ្យបានរួចរាល់ ដើម្បីដាក់ឲ្យប្រើប្រាស់ធ្វើអាជីវកម្មដឹកជញ្ជូន។
*ដំណាក់កាលទី២៖ រយៈពេល១ឆ្នាំ ក្រុមហ៊ុននឹងកសាងមជ្ឈមណ្ឌលសន្និធិប្រេងឥន្ធនៈ ដើម្បីធ្វើអាជីវកម្ម។
*ដំណាក់កាលទី៣៖ រយៈពេល២ឆ្នាំ ក្រុមហ៊ុននឹងកសាងកំពង់ផែទេសចរណ៍ឲ្យបានរួចរាល់។

តំណាងក្រុមហ៊ុនបានបន្តថា ផែនការបន្ត និងបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ចពិសេស ដែលមានរោងចក្រសហគ្រាសនានាផលិតទំនិញ ដើម្បីលក់ដូរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេសផងដែរ ការបង្កើតកំពង់ផែពហុបំណងនេះ ក្នុងគោលបំណងកាត់បន្ថយ ការដឹកជញ្ជូនតាមផ្លូវគោកមកដឹកជញ្ជូន តាមផ្លូវទឹកដែលអាចចំណេញដឹកបានច្រើន ចែកចាយទំនិញ និងផលិតផលនានា នៅក្នុងស្រុក និងនាំទៅចេញក្រៅប្រទេស ពិសេសការបង្កើតរោងចក្រ សហគ្រាសនានា ក្នុងដំណាក់កាលទី៣នេះ ក្រុមហ៊ុនអាចស្រូបយកកម្លាំងពលកម្មកម្មករ រហូតដល់ពី១០,០០ ទៅ១៥,០០នាក់ផងដែរ។

ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងពេលចុះពិនិត្យមើលការដ្ឋានសាងសង់កំពង់ផែពហុបំណងនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកថា ការកសាងកំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ដែលអាចលើកស្ទួយជីវភាពប្រជាកសិករ ជាអ្នកធ្វើស្រែ ចម្ការលក់ដូរផលិតផលរបស់គាត់បានកម្រៃខ្ពស់។ ព្រោះថាកាលមិនទាន់មានផ្លូវតម្លៃស្រូវមួយ គីឡូគាត់លក់បានថ្លៃតែ៧០០រៀលប៉ុណ្ណោះ។ ដល់ពេលមានផ្លូវពីស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ រថយន្តអាចចេញចូលដឹកជញ្ជូនបាន គាត់លក់ស្រូវបានមួយគីឡូ១០,០០រៀល។

លោកបន្ដថា «ពេលមានកំពង់ផែថ្មីនេះទៀត ការចេញចូលដឹកជញ្ជូនបានងាយស្រួល ឯការលក់ស្រូវ សណ្ដែក ពោត ល្ង ពួកគាត់ពិតជាលក់បានថ្លៃជាងមុន ដែលនេះគឺជាការយកចិត្តទុកដាក់ និងគិតគូបានយ៉ាងត្រឹមត្រូវ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យមានការកសាងកំពង់ផែពហុបំណងនេះឡើង ហើយនេះ ក៏ជាភ័ព្វសំណាងរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ក៏ដូចជាក្នុងខេត្តកំពង់ឆ្នាំង និងខេត្តនៅជុំវិញនេះផងដែរ ដែលអាចកែប្រែមុខមាត់ និងជីវភាពរស់នៅរបស់ពួកគាត់ នៅពេលកំពង់ផែនេះសាងសង់រួចរាល់»

ចំពោះប្រជាពលរដ្ឋ៣៥គ្រួសារ ដែលរងផលប៉ះពាល់ក្នុងការកសាងកំពង់ផែពហុបំណងនេះ គឺក្រុមហ៊ុន និងអាជ្ញាធរ បានរួមគ្នាដោះស្រាយគោលនយោបាយបានល្អទៅតាមសំណូមពរ និងតាមការស្ម័គ្រចិត្តផ្លាស់ទីលំនៅ របស់ប្រជាពលរដ្ឋយើង ទៅនៅទីតាំងថ្មី ដែលមានដីលំនៅឋានមានកម្មសិទ្ធិស្របច្បាប់ មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មាន ផ្លូវត្រឹមត្រូវ ដែលពួកគាត់រស់នៅបានសមរម្យ និងអាចទទួលយកបាន ដោយពុំមានការថ្នាំងថ្នាក់នោះឡើយ៕