(ភ្នំពេញ)៖ ការសម្របសម្រួលលើការធ្វើដំណើរ និងដឹកជញ្ជូននៅតាមច្រកទ្វារព្រំដែនថ្មីៗមួយចំនួន ត្រូវបានលើកពិភាក្សាក្នុងជំនួបរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយលោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម។

យោងតាមការចេញផ្សាយតាមរយៈទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំភាគីទាំងពីរកម្ពុជា-វៀតណាមខាងលើនេះ ធ្វើឡើងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នាឱកាសនោះ ភាគីទាំងពីរបានអបអរសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ភាគីទាំងពីររំពឹងថា តាមរយៈអនុស្សរណៈថ្មីនេះ នឹងធ្វើឱ្យចំនួនយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កើនឡើងរហូតដល់៨០០គ្រឿង។ ភាគីទាំងពីរក៏បានឯកភាពនឹងធ្វើការជូនដំណឹងអំពីខ្លឹមសារនៃអនុស្សរណៈនេះ ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនប្រតិបត្តិករដឹកជញ្ជូនរបស់ប្រទេសទាំងពីរផងដែរ។

ចំពោះការងារច្រកទ្វារព្រំដែនអន្តរជាតិ ភាគីកម្ពុជា-វៀតណាមបានផ្លាស់ព័ត៌មានគ្នាទៅវិញទៅមក ដោយបានបញ្ជាក់ថា ច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀបបានបញ្ចប់ការសាងសង់រួចរាល់ហើយ ហើយក៏កំពុងពិនិត្យពេលវេលាសមស្របមួយ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។ គួរជម្រាបថា ច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប គឺស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀន ទល់ជាមួយខេត្តឡុងអាន ប្រទេសវៀតណាម។

ជាមួយគ្នានេះ ភាគីទាំងពីរក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា (ខេត្តព្រៃវែងទល់ជាមួយខេត្តដុងថាប់) និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែនក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាមយល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី២គន្លងទៅ៤គន្លងនៅចំណុចកកស្ទះខ្លាំង ព្រមទាំងសម្រួលដោះស្រាយបញ្ហានីតិវិធីនៃរំហូរឯកសារសម្រាប់យានយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនតាមផ្លូវទឹក ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមពិនិត្យ និងសម្រួលលើបញ្ហានីតិវិធីនៃរំហូរឯកសារឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ នៅចំណុចច្រកទ្វារព្រំដែនក្អមសំណ (កម្ពុជា) ហើយជាលទ្ធផលភាគីវៀតណាមបានយល់ព្រមសម្រួលការងារនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួនឱ្យបានឆាប់បំផុត។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា វិស័យហេដ្ឋារចនាសម្ព័ន្ធដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយសព្វថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមានដូចជាការលើកកម្ពស់គុណភាពផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ (AC) ការអភិវឌ្ឍវិស័យកំពង់ផែ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក គម្រោងស្ថាបនាផ្លូវល្បឿនលឿន និងការដឹកជញ្ជូនតាមផ្លូវទឹក។

លោករដ្ឋមន្ត្រី Nguyen Van Thang បានបង្ហាញនូវការយល់ស្របចំពោះការលើកឡើងខាងលើរបស់លោកទេសរដ្ឋមន្ត្រី និងបានបន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ ជាក់ស្តែងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនេះស្រាប់ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម បាននិងកំពុងដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោងពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហាណូយ និងហូជីមិញ ក៏ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីឡុងថាញ់ផងដែរ៕