(ចិន, ប៉េកាំង)៖ មេដឹកនាំកំពូលកម្ពុជា-ចិន បានប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦។

ការប្តេជ្ញានេះ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្នុងនោះមានទាំងកូនប្រុសទាំងពីររបស់សម្តេចផងដែរ ចូលជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងឱកាសទស្សនកិច្ចផ្លូវការ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី ស៊ី ជិនពីង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។

មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១.នយោបាយ និងការទូត ២.វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣.កសិកម្ម ៤.ថាមពល ៥.សន្តិសុខ ៦.ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា-ចិន បានបង្កើតទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីររយៈពេល៦៥ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ និងបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏កំពុងកសាងសហគមន៍រួមវាសនាតែមួយផងដែរ៕