(ភ្នំពេញ)៖ សុន្ទរកថាថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិធ្វើនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាមួយចំនួនដែលជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របស់ពិភពលោក ព្រោះតែការប្រជែងរបស់អានុភាពរបស់ប្រទេសមហាអំណាចពិភពលោកនាពេលបច្ចុប្បន្ន។

សុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN) និងបណ្តាមេដឹកនាំប្រទេសជាសមាជិកជាច្រើនទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិភពលោកនៅតែត្រូវដោះស្រាយនូវបញ្ហាប្រឈមជាច្រើនទៀត ដូចជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរងនូវសម្ពាធធ្ងន់ធ្ងរដូចមុនដដែល។ ប្រវត្តិសាស្ត្របានប្រាប់ម្ដងហើយម្ដងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្នកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើអាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហាដែលប្រឈមដូចដែលសម្តេចបានលើកឡើងខាងលើនេះ ការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់ គឺជាកត្តាដ៏ចាំបាច់ និងអាទិភាព។

សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «នេះហើយជាហេតុផលមិនអាចប្រកែកបានសម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើច្បាប់។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ»។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការពង្រឹងនយោបាយពហុភាគីនិយម និងពង្រឹងសាមគ្គីភាពអន្តរជាតិនេះ គឺអង្គការសហប្រជាជាតិជាតួអង្គស្នូល និងជាពន្លឺនៃក្តីសង្ឃឹម។ ក្នុងន័យនេះសម្តេចតេជោ ចង់ឃើញអង្គការសហប្រជាជាតិ ពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្ម និងខ្លាំងក្លាឡើង។

សម្តេចតេជោ បានគូសរំលេចយ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិ សម្រេចបាននូវជ័យជម្នះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព, ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពរួមសម្រាប់យើងទាំងអស់គ្នា។ ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅអង្គការសហប្រជាជាតិ ដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង»។

សម្តេចតេជោ បានសង្កត់ធ្ងន់ទៀតថា សន្តិភាព និងសន្តិសុខអន្តរជាតិមានសារសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព។ កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីជំហរ ដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ។

សម្តេចតេជោ បានលើកឡើងទៀតថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការ សហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប។ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកប ដោយបរិយាប័ន្ន និងភាពជាតំណាង។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះកិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្មរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការរៀបចំអង្គការនេះ ឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក។