(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយទាក់ទងនឹង ការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងនៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើង បណ្តាញផ្លូវទឹករបស់កម្ពុជា ឱ្យមានការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូន តាមផ្លូវគោកផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្គាល់ដែរថា ម្រោងធ្វើឱ្យប្រសើរឡើងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹក ជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានការផ្លាស់ប្ដូរជាវិជ្ជមាន។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនដែរថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមាន៖ ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែកម្ពុជាមិនទាន់បានទាញយកសក្តានុពលដ៏ធំធេង នៃធនធានធម្មជាតិ ទាំងអស់នោះ មក ប្រើប្រាស់ ឱ្យបានក្នុងកម្រិតអតិបរមា នៅឡើយនោះទេ៕