(បាត់ដំបង)៖ សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានបញ្ជាក់ថា បើទោះបីប៉ុន្មានថ្ងៃមុន មានការចុះបង្ក្រាបរថយន្តដឹកលើសទម្ងន់ធុនធ្ងន់ រហូតដល់ខ្ទង់៨០តោន ដែលបើកបរលើផ្លូវជាតិ ពីសំណាក់ក្រុមការងារជញ្ជីងចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្តី ក៏នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ រថយន្តថៃធុនធ្ងន់ទាំងនោះ នៅតែគឃ្លីនបន្តចូលមកទឹកកម្ពុជាតាមច្រករបៀង ផ្ទុកទំនិញលើសទម្ងន់ដដែល។

សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា រថយន្តទាំងនោះចេញចូលតាមច្រកឡែម ឬអូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានទម្ងន់ពី៧៥ ទៅ៨០តោនឯណោះ ដែលរថយន្តទាំងនោះ មិនព្រមដឹកជញ្ជូនតាមច្រក អន្តរជាតិទ្វេភាគី ដែលច្បាប់កំណត់ចំនួនតោនត្រឹមត្រូវ នោះទេ បែរជាលួចចូលតាមច្រករបៀងគ្មានការត្រួតពិនិត្យ ពីសមត្ថកិច្ចជំនាញនោះឡើយ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមការងារជញ្ជីងចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់ នៅលើផ្លូវជាតិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលផ្ទុកលើសទម្ងន់ធ្ងន់ធ្ងរ ធ្វើឲ្យអ្នកប្រមូលទិញពោតមួយចំនួន បង្ហាញប្រតិកម្ម ដោយលើកឡើងថា ការចាប់រថយន្តដឹកលើសទម្ងន់ នាំឱ្យក្រុមឈ្មួញថៃ មិនចូលមកដឹកពោតនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែត្រូវបានលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកដឹកនាំក្រុមការងារជញ្ជីងចល័តនេះ ចេញមកច្រានចោលថា ការលើកឡើងនោះ ជារឿងមិនពិតនោះឡើយ។

លោកថា ប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះ មិននាំឱ្យប៉ះពាល់ដល់ការទិញលក់ កសិផលរបស់ប្រជាពលរដ្ឋឡេីយ។ ការចាប់រថយន្តដឹកលើសទម្ងន់នេះ គឺចាប់តែរថយន្តដឹកលើសទម្ងន់ធ្ងន់ៗ ហើយរថយន្តដឹកមិនលើសទម្ងន់កំណត់ដោយច្បាប់ គឺមិនមានចាប់នោះឡើយ។

លោកបានបញ្ជាក់ថា មានក្រុមអ្នករកស៊ីដែលដឹកជញ្ជូនមិនលើសទម្ងន់កំណត់ ដោយច្បាប់ គេនៅតែអាចរកស៊ីដឹកជញ្ជូនជាធម្មតា មិនមានការរាំងស្ទះនោះឡើយ។ ដោយឡែកអ្នក លើកឡើងនេះ គឺជាក្រុមឈ្មួញប្រមូលទិញពោតមួយចំនួនតូច ដែលមិនព្រមកែប្រែឥរិយាបថ ចូលរួមគោរពច្បាប់ ហើយនៅតែចង់បន្តដឹកលើសទម្ងន់។ ការទប់ស្កាត់រថយន្តដឹកលើសទម្ងន់ជារឿងចាំបាច់ ដែលមិនអាចដកថយនោះឡើយ បើមិនដូច្នោះទេផ្លូវថ្នល់នៅតែងាយរងការខូចខាត។

លោក ឯក រដ្ឋ បញ្ជាក់ថា «ខ្ញុំចាប់រថយន្តដែលដឹកលើសទម្ងន់ មិនថាដឹកពោត មិនថាដឹកទឹក ឬក៏ដឹកទំនិញអ្វីទេ ឱ្យតែដឹកលើសទម្ងន់ គឺក្រុមការងារចាប់ទាំងអស់។ មិនលើកលែងទេ មិនថាអ្នកមានខ្នង ឬអ្នកមិនមានខ្នងអីទេ តាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល ណែនាំដល់មន្ត្រីក្រោមឱវាទ យើងធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព ស្មើភាព»