(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាបានប្រកាន់យកគោលនយោបាយសន្តិសហវិជ្ចមាន អព្យាក្រិត អចិន្ត្រៃយ៍ ដោយធ្វើមិត្តជាមួយប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវឡើយ លើកលែងតែភេរវករតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាអនុវត្តន៍នយោបាយសន្តិសហវិជ្ចមាន អព្យាក្រិត អចិន្ត្រៃយ៍ យើងធ្វើមិត្តជាមួយប្រទេសទាំងអស់ គ្មានយកនណាមួយ ធ្វើជាសត្រូវ លើកលែងតែពួកភេរវកម្មទេ ដែលជាសត្រូវរបស់យើង ក៏ប៉ុន្តែលើការជាក់ស្តែងការអនុវត្តន៍ វាស៊ីសងទៅលើបញ្ហាតើអ្នកណា ហ៊ានផ្តល់ជំនួយឱ្យយើង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុវត្តន៍គោលនយោបាយការបរទេស មិនមែនជារឿងលេងសើចទេ ហើយត្រូវប្រកដប្រជា ប្រកដនិយម មិនអាចទៅឆ្វេង ទៅស្តាំ ម្តងទៅលិច ម្តងទៅកើតបានទេ បើធ្វើយ៉ាងនេះវានឹងខូចផលប្រយោជន៍របស់ជាតិ ហើយអ្វីដែលនិយាយដោយត្រង់ជាមួយទំនាក់ទំនងកម្ពុជាចិន ក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជានិងចិន មិនមែនទើបនឹងសម័យក្រោយនេះទេ គឺមានច្រើនសត្សវត្សហើយ ប៉ុន្តែអ្វីដែលគួរគត់សម្គាល់បំផុតគឺទំនាក់ទំនងដែលកសាងឡើង ដោយព្រះករុណា ព្រះបិតាសម្តេចព្រះរោត្តម សីហនុ ជាថ្នាក់ដឹកនាំចិនជាន់មុន បន្តរហូតដល់បច្ចុប្បន្នក៏នៅមានអ្នកបន្តវេនពង្រឹងនូវទំនាក់ទំនងនេះផងដែរ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសជូនចំពោះលោកប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម លឺ ខឺឈាង ដែលបានគាំទ្រដល់គម្រោងនៃអភិវឌ្ឍនៅប្រទេសកម្ពុជា និងអគុណជាពិសេស ដែលបានកាត់បន្ថយការស្លាប់របស់ប្រជាជនកម្ពុជា នៅក្នុងមហន្តរាយ នៃជំងឺរាតត្បាតនៃជំងឺកូវីដ១៩ ហើយពិតមែនតែប្រទេសកម្ពុជា មានជំងឺកូវីដ១៩ច្រើន ក៏ប៉ុន្តែតែអត្រាចូលពេទ្យ និងអត្រាស្លាប់មានកម្រិតទាប ដោយសារតែប្រជាពលរដ្ឋ បានទទួលវ៉ាក់សាំងគ្រប់គ្រាន់៕