(ភ្នំពេញ)៖ ឱកាសដែលលោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជា បំពេញទស្សនកិច្ចនៅកម្ពុជា, លោកស្រីបានឆ្លៀតពេលដ៏មមាញឹកផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អ៉ីស្រាអែល។

ទី១៖ ​បើទោះបីជា អ៉ីស្រាអែល មិនមាននិវេសនដ្ឋាននៅកម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជា-អ៉ីស្រាអែល បានរក្សាកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ តើលោកស្រីមានការកត់សម្គាល់បែបណាដែរ ចំពោះតើទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអ៉ីស្រាអែល-កម្ពុជា?

សូមអរគុណសម្រាប់ឱកាសក្នុងការជួបជាមួយអ្នក និងនិយាយបន្តិចបន្តួច អំពីទំនាក់ទំនងទ្វេភាគីរបស់យើង។ ខ្ញុំគិតថាកម្ពុជា និងអ៉ីស្រាអែល បានបង្កើនទំនាក់ទំនងការទូត ​ហើយខ្ញុំឃើញអំពីសក្តានុពលដ៏ធំមួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងទាំងនោះ ឱ្យកាន់តែខ្លាំងឡើង ​ជាពិសេសទៅលើវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម ទឹក និងវិស័យផ្សេងៗទៀតផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគី​ទាំងពីរ នឹងអាចរីកចម្រើន ហើយយើងអាចស្វែងយល់​រួមគ្នា នូវឱកាសកាន់តែច្រើន សម្រាប់ផលប្រយោជន៍ប្រជាជនយើងទាំងពីរ។

ទី២៖ ​បើក្រឡេកមកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៉ីស្រាអែលវិញ លោកស្រីយល់ឃើញបែបណាដែរ? តើលោកស្រីឯកអគ្គរដ្ឋទូត ប្រមើលមើលថាប៉ុន្មានឆ្នាំទៀត ទើបការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពជា និងអ៉ីស្រាអែល កាន់តែរីកចម្រើន និងលើសពីកម្រិតបច្ចុប្បន្ននេះ​?

ខ្ញុំពិតជាជឿជាក់ថា យើងនឹងឃើញការកើនឡើងនៃទំនាក់ទំនង​ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ​។ ខ្ញុំជឿថា អ្វីៗជាច្រើនដែលយើងបានធ្វើរួមគ្នានៅពេលនេះ គឺជុំវិញវិស័យកសិកម្ម ពោលគឺយើងមានក្រុមហ៊ុនកសិកម្មអ៉ីស្រាអែលជាច្រើន ដែលប្រតិបត្តិការនៅទីនេះ ដូចជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ម្រេចខ្មៅ ឬផ្លែប័រ ​និងការកែច្នៃអាហារផ្សេងទៀត ដែលឥឡូវនេះកំពុងត្រូវបានអភិវឌ្ឍន៍។ ខ្ញុំមើលឃើញពីវិសាលភាពនេះហើយ​ខ្ញុំជឿថាអ្នកជំនួញមកពីភាគីកម្ពុជាមិនដឹងគ្រប់គ្រាន់ អំពីឱកាសនៅក្នុងប្រទេសអ៉ីស្រាអែល ហើយខ្ញុំជឿថា អ្នកជំនួញមកពីប្រទេសអ៉ីស្រាអែល ក៏មិនដឹងគ្រប់គ្រាន់អំពីឱកាសនៅទីនេះ ក្នុងប្រទេសកម្ពុជាទេ។

ថ្វីត្បិតយើងមិនមានស្ថានទូតរបស់យើងប្រចាំនៅទីក្រុងភ្នំពេញ ប៉ុន្តែការពិតយើងទទួលខុសត្រូវពីទីក្រុងបាងកក លើប្រទេសកម្ពុជាផងដែរ ដែលជាស្ពានមួយរវាងប្រទេសយើងទាំងពីរ ក្នុងការស្វែងរក ឱកាសដើម្បីពង្រីកវិសាលភាពនេះ។ យើងមានសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល យ៉ាងសកម្មនៅ​ក្នុងទីក្រុងភ្នំពេញ។ ពួកគេធ្វើការយ៉ាងសកម្ម ក្នុងការព្យាយាម​ធ្វើសកម្មភាពគ្រប់ប្រភេទ ហើយ​កន្លងមកក៏មានគណៈប្រតិភូកម្ពុជា ទៅប្រទេសអ៉ីស្រាអែល ហើយខ្ញុំសង្ឃឹមថាគណៈប្រតិភូរបស់យើងក៏មកទីនេះផងដែរ។

ខ្ញុំសង្ឃឹមថានឹងឃើញរដ្ឋមន្ត្រីពីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅអ៉ីស្រាអែលនៅចុងឆ្នាំនេះ ​ដើម្បីស្វែងយល់ម្តងទៀត អំពីវិស័យណាដែលសមស្របសម្រាប់កិច្ចសហការ។ ខ្ញុំ​ជឿថាភាពខ្លាំងមួយរបស់អ៉ីស្រាអែល ​នៅក្នុងវិស័យនវានុវត្តន៍​ នឹងជួយដល់ការការច្នៃប្រឌិត ​ដូចជាការច្នៃប្រឌិតក្នុងវិស័យកសិកម្ម ការច្នៃប្រឌិតក្នុងវិស័យធនាគារ ការច្នៃប្រឌិតបច្ចេកវិទ្យាទឹកស្អាតជាដើម។ អ៉ីស្រាអែល ជាប្រទេសតូចមួយ យើងហៅខ្លួនយើងថាជាប្រទេសធុរកិច្ចថ្មី ( Startup)​។ យើងមានការច្នៃប្រឌិតច្រើនដូច ដែលខ្ញុំបាននិយាយក្នុងវិស័យជាច្រើន ហើយខ្ញុំសង្ឃឹម ​ប្រទេសកម្ពុជាសព្វថ្ងៃនេះ ​ជាប្រទេស​ដែលមានស្មារតីសហគ្រិនច្រើន ដូចនៅអ៉ីស្រាអែល។
​​ទី៣៖ ងាកមកទំនាក់ទំនងរវាងកម្ពុជា និងអ៉ីស្រាអែលវិញ ថាតើក្នុងរយៈពេល៣ថ្ងៃ ដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា តើលោកស្រី នឹងធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនង បន្ថែមរវាងប្រទេសទាំងពីរ?

​ដូចដែលខ្ញុំបាននិយាយ ខ្ញុំតែងតែ​មកស្វែងរកអ្វីដែលថ្មី និងអ្វីដែលខ្ញុំចង់រក្សា។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចំពោះអ្វីដែលយើងមានកិច្ចសហប្រតិបត្តិការកន្លងមក នោះគឺនិស្សិត​ប្រទេសកម្ពុជា ទៅសិក្សានៅប្រទេសអ៉ីស្រាអែល។ ជារៀងរាល់ឆ្នាំ យើងមាននិស្សិតកសិកម្មប្រហែល ៤៦០នាក់ដែលទៅសិក្សា នៅប្រទេសអ៉ីស្រាអែល​។ និស្សិតទាំងនោះមកបន្តការសិក្សា​ឆ្នាំទីពីរ នៅសកលវិទ្យាល័យនៅអ៉ីស្រាអែល។​ ​មួយថ្ងៃក្នុងមួយសប្តាហ៍ ពួកគេសិក្សានៅក្នុងសកលវិទ្យាល័យជាមួយសាស្រ្តាចារ្យល្អបំផុត នៅអ៉ីស្រាអែល ដោយសិក្សាអំពីកសិកម្ម។ ចំណែកពេលវេលាដែលនៅសល់ ពួកគេចុះយកបទពិសោធន៍ផ្ទាល់ ​ដោយមិនសិក្សានៅតែក្នុងថ្នាក់រៀននោះទេ។ ​ពួកគេបានធ្វើការជាមួយកសិករអ៉ីស្រាអែល ហើយពួកគេរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាថ្មី អត្ថប្រយោជន៍​​ផ្សេងៗ កន្លែងណាដែលមានបញ្ហាប្រឈម។ ហើយពួកគេត្រឡប់មកកម្ពុជាវិញ ក្រោយរយៈពេល១១ខែ ​ដោយបាននាំយកចំណេះដឹងថ្មីៗជាច្រើន ​ជាពិសេស គឺជំនាញសហគ្រិន។ ពួកគេអាចចាប់ផ្តើមអាជីវកម្ម ​ដោយប្រើប្រាស់ចំណេះដឹងរបស់ពួកគេ។

យើងដឹងហើយថា ​នៅក្នុងប្រទេសអ៉ីស្រាអែល មានសង្រ្គាមចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស់ ដែលជាអង្គការភេរវករ បានចាប់ផ្តើមការវាយប្រហារ យ៉ាងសាហាវប្រឆាំងនឹងអ៉ីស្រាអែល។ យើងបានបាត់បង់មនុស្សជិត ១២ ០០០នាក់ ហើយយើងមានចំណាប់ខ្មាំងជាង ២៥០នាក់នៅហ្គាហ្សា។ និស្សិតខ្មែរមួយចំនួន ក៏ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ទាំងនោះដែរ ហើយជាអកុសល សិស្សម្នាក់បានស្លាប់ ហើយរដ្ឋាភិបាលកម្ពុជា ពិតជាព្រួយបារម្ភអំពីសុខភាព និងសុខុមាលភាពរបស់និស្សិតទាំងនោះ។ ប៉ុន្តែ​យ៉ាងណាមិញរដ្ឋាភិបាលកម្ពុជា ​មិនបានអំពាវនាវឱ្យពួកគេត្រឡប់មកកម្ពុជាវិញទេ ​ព្រោះរាជរដ្ឋាភិបាលដឹងថា ពួកយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា​ ហើយរដ្ឋាភិបាលអ៉ីស្រាអែល កំពុងធ្វើអ្វីៗគ្រប់យ៉ាង ​ដើម្បីការពារសិស្ស ដែលស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល ដើម្បីផ្លាស់ទីពួកគេទៅតំបន់សុវត្ថិភាព ​ហើយសិស្សស្ទើរតែទាំងអស់ ដែលស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល ពួកគេបន្តការសិក្សា ​បន្តធ្វើការ ហើយពួកគេរៀន​ដដែល។ ដូច្នេះ ខ្ញុំពិតជាមានអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំគិតថា នេះ​គឺជាគំរូដ៏ល្អមួយ ដែលរដ្ឋាភិបាលទាំងពីរ​ ជាមួយសាកលវិទ្យាល័យ ក្នុងប្រទេសអ៉ីស្រាអែល ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រជាជន និងផលប្រយោជន៍ប្រជាជនកម្ពុជា។​

​ខ្ញុំសូមបន្ថែម​បន្តិច ជាអកុសល និស្សិតខ្មែរម្នាក់ដែលត្រូវបានសម្លាប់នៅអ៉ីស្រាអែល នេះពិតជា​សោកស្តាយខ្លាំងណាស់ ហើយរាល់ការបាត់បង់ជីវិត មិនថា​ពលរដ្ឋខ្មែរ ថៃ អាមេរិកនោះទេ ​វាគឺរឿងសោកនាដកម្មខ្លាំងណាស់។ ខ្ញុំសូមរំលែកទុក ជូនចំពោះក្រុមគ្រួសារសព ហើយ​ខ្ញុំនឹងទៅសួរសុខទុក្ខពួកគេ។ ​ខ្ញុំនឹងប្រាប់ពួកគេថាខ្ញុំសោកស្តាយប៉ុណ្ណា ទោះបីអ៉ីស្រាអែលប្រើមធ្យោបាយណាក៏ដោយ គឺត្រូវទទួលខុសត្រូវ ចំពោះរឿងដែលកើតឡើង។ យើងចាត់ទុកជនរងគ្រោះទាំងអស់នោះ រួមទាំងមនុស្សដែលត្រូវបានសម្លាប់ អ្នកដែលស្ថិតក្នុងគ្រោះថ្នាក់ រួមទាំងអ្នកដែលត្រូវគេចាប់ពង្រត់ ​ដោយមិនផ្តោតសំខាន់តែលើពួកគេ ជាជនជាតិអ៉ីស្រាអែល ឬជនបរទេសនោះទេ យើងចាត់ទុកពួកគេសំខាន់ដូចគ្នាៗ។ ​ពួកគេនឹងបានទទួលប្រាក់សំណងប្រចាំខែ ដែលមានចំនួនច្រើនគួរសម ហើយឪពុកម្តាយរបស់សិស្សដែលស្លាប់នោះ ក៏នឹងទទួលបានសំណង សម្រាប់ការបាត់បង់ជីវិតរបស់កូនពួកគេផងដែរ។ ​

ប្រាកដណាស់ថា វា​អាចមិនអាចប៉ះប៉ូវសម្រាប់ការបាត់បង់ កូនប្រុសរបស់ពួកគេនោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងចង់ធ្វើឱ្យប្រាកដថា ពួកគេរស់នៅបានសុខស្រួល ហើយពួកគេមិនចាំបាច់ព្រួយបារម្ភអំពីការងារ ​និងការរកប្រាក់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេឡើយ។ ​យើងដឹងថា សោកនាដកម្មបែបនេះ ​វាពិបាកក្នុងការបំភ្លេច ក្នុងដំណើរជីវិតបន្តរបស់ពួកគេ។ ដូច្នេះ ខ្ញុំគិតថារដ្ឋាភិបាលរបស់យើងទាំងពីរ បានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថា សិស្សរបស់យើងមានសុវត្ថិភាព។

ទី៤៖ ក្នុងពេលដែលមានការផ្ទុះសង្រ្គាមភ្លាមៗរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ​ឃើញថារដ្ឋាភិបាលប្រទេស​នីមួយៗ មានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្លាំង ទៅលើប្រជាពលរដ្ឋ និងនិស្សិតដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសអ៉ីស្រាអែល​។ ​ជាមួយគ្នានេះ លោកស្រីមានការកត់សម្គាល់បែបណាដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំ និងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីជួយប្រជាពលរដ្ឋ និងនិស្សិតរបស់ខ្លួន ទៅកាន់ទីកន្លែងសុវត្ថិភាព?

ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជារបស់​យើង នៅទីក្រុងបាងកក ​ជាមួយកុងស៊ុលកិត្តិយសកម្ពុជា ដែលមាននៅក្នុងប្រទេសអ៉ីស្រាអែល តាមរយៈស្ថាប័នសិក្សា ដូចជាសាកលវិទ្យាល័យ ដែលនិស្សិតកំពុងរៀនដោយផ្ទាល់។ យើងជឿជាក់ថា មិនចាំបាច់ជម្លៀសពួកគេទេ ហើយខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានិស្សិតនៅអ៉ីស្រាអែល ហើយនិយាយដោយស្មោះត្រង់ ខ្ញុំថែមទាំងកោតសរសើរ ​ដោយស្មោះត្រង់ ចំពោះអតីតនាយករដ្ឋមន្តី្រកម្ពុជា ដែលបានចាត់ទុកអ៉ីស្រាអែលជាមិត្ត។ ពេលមិត្តត្រូវការ អ្នកមិនទៅចោលគេទេ។ ​វាមិនមែនជារឿងងាយស្រួលទេ ក្នុងការសម្រេចចិត្តអនុញ្ញាតឱ្យសិស្សបន្តនៅទីនោះ ហើយយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយជាការពិតណាស់ ប្រសិនបើសិស្សចង់ត្រឡប់មកវិញ ពួកគេអាចត្រឡប់មកវិញបាន។ គ្មាននរណាម្នាក់ ត្រូវបានបង្ខំដោយរដ្ឋាភិបាលណាមួយឱ្យស្នាក់នៅទីនោះនោះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលគ្រប់គ្នា បានធ្វើអ្វីគ្រប់យ៉ាង ​ដើម្បីការពារសិស្ស។ ​រហូតមកដល់ពេលនេះ ខ្ញុំអាចនិយាយបានថា គ្រប់គ្នាមានសុវត្ថិភាព ហើយសង្គ្រាមនៅពេលនេះ គឺនៅតំបន់ហ្គាហ្សា ដែលលែងមាននៅក្នុងតំបន់អ៉ីស្រាអែលទៀតហើយ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព នៅពេលពួកគេបញ្ចប់ការសិក្សាក្នុងឆ្នាំនេះ។

ទី៥៖ តាមរយៈកិច្ចសហប្រតិបត្តិការបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសអ៉ីស្រាអែល លើជំនាញកសិកម្ម ​​មានប្រយោជន៍ណាស់ សម្រាប់និស្សិតកម្ពុជា ក្នុងការនាំយកបច្ចេកវិទ្យាកសិកម្មទំនើប ពីប្រទេសអ៉ីស្រាអែល មកជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។ តើកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតដែរ ឬទេ?

ថ្មីៗនេះ យើងបានបញ្ជូនសិស្សជាង ៤៥០ ទៅ៦៤០នាក់បន្ថែមទៀត។ យើងពិតជាសង្ឃឹមថា នៅឆ្នាំ២០២៤ និង២០២៥ យើងនឹងទទួលបានចំនួនសិស្សដូចគ្នា។ សាស្ត្រាចារ្យអ៉ីស្រាអែល និងកសិករអ៉ីស្រាអែល ពិតជាកោតសរសើរ និងរីករាយក្នុងការធ្វើការជាមួយ​និស្សិតកម្ពុជា។ ​ពួកគេពិតជារីករាយ ក្នុងការធ្វើការជាមួយសិស្សទាំងនោះ ហើយពួកគេពិតជារីករាយនឹងសមត្ថភាពសិក្សារបស់ពួកគេ។ យើងមិនមានតម្រូវអីនោះទេ ប៉ុន្តែពួកគេត្រូវចេះនិយាយភាសាអង់គ្លេស ព្រោះបើគេមិនអាចនិយាយភាសាអង់គ្លេសបាន គេមិនអាចអង្គុយក្នុងថ្នាក់ ​និងយល់មេរៀន​នោះទេ។ សម្រាប់យើង បើនិយាយពីផ្នែកសិក្សា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ដែលតម្រូវឱ្យអ្នកគ្រប់គ្នាយល់ ហើយទទួលបានលទ្ធផលសិក្សាខ្ពស់។ ​ហើយតាមទស្សនៈរបស់យើង យើងសង្ឃឹមថានៅឆ្នាំក្រោយ យើងនឹងឃើញនិស្សិតកម្ពុជាចំនួន ៤៥០នាក់មកប្រទេសអ៉ីស្រាអែល។

ទី៦. ជាចុងក្រោយ ក្នុងអាណត្តិដែលលោកស្រីជាឯកអគ្គរដ្ឋទូត ទទួលបន្ទុកនៅកម្ពុជា តើលោកស្រីមានការប្តេជ្ញាចិត្តយ៉ាងណាដែរ ក្នុងការជំរុញពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៉ីស្រាអែលឱ្យកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងជាងមុន? តើវិស័យអ្វីខ្លះដែល លោកស្រីផ្តោតជាសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ?

​ហេតុផលដែលខ្ញុំមកទីនេះ គឺដោយសារខ្ញុំជឿថាទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ មានសារៈសំខាន់ខ្លាំងណាស់។ ហើយដោយសារយើងមិនមានស្ថានទូតនៅទីនេះ។ ខ្ញុំពិតជាសង្ឃឹមថា នឹងបាននៅទីនេះច្រើនជាងមកទស្សនកិច្ច។ ​ ខ្ញុំពិតជារីករាយជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជាចូលចិត្តប្រជាជនកម្ពុជា។ ​ខ្ញុំ​ជឿជាក់តាំងពីដើមដំបូងមកថា សក្តានុពលរបស់ពួកគេមានច្រើនណាស់។ រឿងមួយដែលខ្ញុំចង់ចាប់ផ្តើមស្វែងយល់នៅពេលនេះ គឺលទ្ធភាពនាំកម្មករ កម្មការី កសិកម្មពីកម្ពុជា ទៅធ្វើការនៅប្រទេសអ៉ីស្រាអែល។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ខ្ញុំដឹងថាអ៉ីស្រាអែលជាគោលដៅចម្បង​សម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក​ ដែលពួកគេចាត់ទុកអ៉ីស្រាអែល ជាគោលដៅដែលពួកគេពិតជាចង់មកធ្វើការ។

ដូច្នេះ ខ្ញុំពិតជាសង្ឃឹមថា យើងនឹងចាប់ផ្តើមការចរចាជាផ្លូវការមួយចំនួន ក្នុងពេលឆាប់ៗនេះរវាងរដ្ឋាភិបាលរបស់យើងទាំងពីរ។ យើងចង់ធ្វើឱ្យប្រាកដថាយើង ការពារកម្មករដែលនឹងមកអ៉ីស្រាអែល។ ដូច្នេះយើងចង់ឱ្យមាន MoU រវាងរដ្ឋាភិបាលយើងទាំងពីរ គឺរវាងក្រសួងការងារកម្ពុជា និងក្រសួងមហាផ្ទៃ​អ៉ីស្រាអែល។ សង្ឃឹមថា ការចរចាទាំងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ ហើយខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងកំណត់ការចាប់ផ្តើមសម្រាប់រឿងនោះ។ ហើយសង្ឃឹមថាឆាប់ៗនេះ យើងនឹងអាចចាប់ផ្តើមបញ្ជូនមនុស្សទៅអ៉ីស្រាអែល។

​សម្រាប់និស្សិត ​បន្ទាប់ពីពួកគេចំណាយពេលពីរបីឆ្នាំ នៅប្រទេសអ៉ីស្រាអែល ធ្វើការក្នុងវិស័យកសិកម្ម នៅពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ វានឹងផ្តល់អត្ថប្រយោជន៍ដល់​ពួកគេ និងគ្រួសាររបស់ពួកគេ ​ព្រមទាំងសហគមន៍ទាំងមូលដែលពួកគេរស់នៅ។ ខ្ញុំគិតថា នេះនឹងក្លាយជាដំណាក់កាលដ៏សំខាន់ និងជាមូលដ្ឋានរវាងប្រទេសយើងទាំងពីរ។ ហើយដូចអ្នកបានដឹងហើយថា អ៉ីស្រាអែលកំពុងមានសង្គ្រាមនៅពេលនេះ។ ដូច្នេះ ការយកចិត្តទុកដាក់របស់យើងភាគច្រើន គឺបង្វែរទៅសង្រ្គាម និងសោកនាដកម្មដែលអ៉ីស្រាអែល បានជួបប្រទះក្នុងរយៈពេលជាង ១០០ថ្ងៃកន្លងមកនេះ។ យើងនៅមានចំណាប់ខ្មាំងជាង ១៣៦នាក់ទៀត ដែលត្រូវបានអង្គការភេរវជនក្រុមហាម៉ាសចាប់យកទៅ។

ដូច្នេះ​អាទិភាពចម្បងរបស់យើង គឺសង្រ្គាម និងការត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាពរបស់ចំណាប់ខ្មាំង។ ​យើងសង្ឃឹមថា នឹងទទួលបានការគាំទ្រពីបណ្តាប្រទេសជុំវិញពិភពលោក ចំពោះសិទ្ធិរបស់អ៉ីស្រាអែល ក្នុងការការពារពលរដ្ឋរបស់ខ្លួន ទឹកដីរបស់ខ្លួន និងដើម្បីនាំយកចំណាប់ខ្មាំងទាំងនោះ មកផ្ទះដោយសុវត្ថិភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ​ នោះហើយជាអ្វីដែលយើងសង្ឃឹម។ ​យើងសង្ឃឹមថាអ្វីនឹងវិលទៅរកភាពល្អប្រសើរ ​ហើយយើងអាចរៀបចំផែនការ សម្រាប់គណៈប្រតិភូ​កម្ពុជា ពិសេសគណៈប្រតិភូពាណិជ្ជកម្មមកកម្ពុជា ​​ទៅទស្សនកិច្ចនៅ​អ៉ីស្រាអែល៕