(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ ៕