(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់លើបញ្ហា ដែលនៅសេសសល់មួយចំនួនរួមមាន ការអញ្ជើញនិងការឆ្លើយតបពីភាគីពាក់ព័ន្ធក្នុងការចូលរួមកិច្ចប្រជុំ របាយការណ៍លម្អិតអំពីកម្មវិធីបើកកិច្ចប្រជុំ ការពិនិត្យលើការរៀបចំប្រព័ន្ធវីដេអូ និងប្រព័ន្ធសំឡេងសម្រាប់ដំណើរការនៃកិច្ចប្រជុំពាក់ព័ន្ធ និងការជំរុញរៀបចំអត្ថបទដឹកនាំ (Script) កិច្ចប្រជុំស្របតាមរបៀបវារៈនៃកិច្ចប្រជុំសំខាន់ៗផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារជំនាញពាក់ព័ន្ធរៀបចំអត្ថបទដែលត្រូវចុះផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យមានខ្លឹមសារ ដើម្បីរំលេចឱ្យឃើញពីសមិទ្ធផលសំខាន់ៗក្រោមដំបូលសន្តិភាព នៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាក់ទងនឹងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីបង្ហាញមុខមាត់កម្ពុជា លើឆាកអន្តរជាតិបានជ្រួតជ្រាបផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទីបីហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលក្នុងនោះ កិច្ចប្រជុំលើកទីមួយបានប្រព្រឹត្តទៅនៅឆ្នាំ២០០៤ លើកទីពីរនៅឆ្នាំ២០១២ និងលើកទីបីនៅឆ្នាំ២០២១នេះ។ បើតាមរបាយការណ៍របស់គណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ ការងារត្រៀមរៀបចំកិច្ចប្រជុំលើកនេះ ជាទូទៅ វឌ្ឍនភាពសរុបសម្រេចបាន៩៥%ហើយគិតរហូតមកទល់ពេលនេះ៕