(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្ដាល នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំស្ដីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីបង្កើនប្រសិទ្ធភាពការងារចុះជួយមូលដ្ឋាន និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតខាងមុខនោះ។

កិច្ចប្រជុំនេះដែរគេឃើញមានការចូលរួមពីគណៈអចិន្ត្រៃយ៍ក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១១នៃស្រុកកោះធំ គណៈអចិន្ត្រៃយ៍គណបក្ស អនុប្រធានទី៣ក្រុមការងារគណបក្សចុះជួយឃុំទាំង១១នៃស្រុកកោះធំ ក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារចលនាស្ត្រី ប្រធានគណបក្សឃុំ ក្រុមប្រឹក្សាឃុំ សរុបប្រមាណ១៣០នាក់។

គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

លោក ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យបានដិតដល់ សហការជាមួយបេក្ខជនចាស់ៗ និងជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្ស ដែលរួមមានដូចជា រូបភាពគម្រោងប្លង់ សាងសង់មន្ទីពេទ្យតេជោ សែន ស្រុកកោះធំ គម្រោងស្តារជួសជុល សាងសង់មណ្ឌលសុខភាពនានានៅស្រុកកោះធំ និងសមិទ្ធផលជាច្រើនផ្សេងទៀត ជាពិសេសផ្សព្វផ្សាយពីភាពជោគជ័យ ដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋបានប្រមាណ៩០% នៅទូទាំងប្រទេស ដែលនេះជាជោគជ័យដ៏ធំធេងបើប្រៀបធៀបនឹងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក កម្ពុជាឈរលំដាប់លេខរៀងទី៣ ដែលជាអត្រាខ្ពស់ខ្លាំង ធ្វើឱ្យអ្នកស្លាប់ និងអ្នកឈឺដោយសារជំងឺកូវីដ-១៩បានថយចុះយ៉ាងច្រើន ឈានទៅបើកប្រទេសជាតិឡើងវិញយ៉ាងទូលំទូលាយសំដៅឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ក៏ដូចជាផ្តល់ឱកាសបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋឡើងវិញផងដែរ។

បន្ថែមពីលើនេះ លោកបានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារគណបក្សទាំងអស់ជួយផ្សព្វផ្សាយអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់គិតជាមធ្យម (Life Expectancy) ចំនួន១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជា ប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ពន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកទទួលទានស្អាតជាដើម និងចុះតាមខ្នងផ្ទះ ដើម្បីណែនាំឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ជំរុញគាត់ឱ្យចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នា ជាពិសេសកុំភ្លេចនាំយកអាល់កុល ជែល សាប៊ូលាងដៃ និងក្រម៉ាចែកជូនពួកគាត់ដោយគ្មានការរើសរើងផងដែរ។

លោក ស៊ុន ចាន់ថុល បានជំរុញឱ្យសមាជិកក្រុមការងារគណបក្សយកផែនការនេះទៅអនុវត្តឱ្យបានជោគជ័យ រួបរួមគ្នាទាំងបេក្ខជនចាស់ទាំងបេក្ខជនថ្មីក្នុងគោលដៅតែមួយយកឈ្នះការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខែមិថុនា ជូនគណបក្សឱ្យបាន ពីព្រោះនេះជាការបោះឆ្នោតដ៏សំខាន់និងជាអាយុជីវិតរបស់គណបក្ស និងបានលើកឡើងនូវបញ្ហាប្រឈម ដើម្បីថ្នាក់ដឹកនាំអាចលើកយកទៅពិចារណារកមធ្យោបាយ ដោះស្រាយគ្រប់បែបយ៉ាង ដើម្បីដណ្ដើមបានជោគជ័យជូនគណបក្សផងដែរ៕