(ប៉ារីស, ប៉ារីស)៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ​អង្គការ​អន្តរ​ជាតិហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង) បានគាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។ ជាមួយគ្នានេះលោកស្រី បានស្នើកម្ពុជាចែករំលែកពិសោធន៍​ពាក់ព័ន្ធ​ការរក្សាស្ថេរភាព និងសុខសន្តិភាព។

ការប្រកាសគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ និងស្នើចែករំលែក​ពិសោធន៍​រក្សាសន្តិភាពនេះ បានធ្វើឡើងក្នុងពេលលោកស្រី​អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោកស្រីអគ្គលេខាធិការ បានសម្ដែងការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែល​ត្រូវ​បានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេច​បាន​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរសម្ដេចធិបតី ឱ្យទទួលបានភាពជោគជ័យ​បន្ថែមទៀត​ជូនជាតិ និងប្រជាជនកម្ពុជា។

លោកស្រីអគ្គលេខាធិការ បានបង្ហាញការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ និងបានស្នើកម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍​របស់​កម្ពុជា ​ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅទ្វីបអាហ្វ្រិក និង​បណ្ដា​ទ្វីបដទៃទៀត ក៏ដូចជាប្រទេសមិនប្រើប្រាស់ភាសាបារាំងផងដែរ។

លោកស្រីក៏បានស្នើកម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសក​កម្ម​ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការ​ថែរក្សា​វប្បធម៌​នៃការប្រើប្រាស់ភាសាបារាំង។

សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់​ភាសាបា​រាំ​ង​។

សម្ដេចធិបតី បានថ្លែងបន្តទៀតថា ក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំអាចប្រើប្រាស់ភាសាបារាំង ប្រមាណ៤០ភាគរយ ដែលនេះបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចរដ្ឋបាលជារួម ក៏ដូចជាការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។

សូមបញ្ជាក់ថា អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន៨៨ និងរដ្ឋាភិបាលជាសមាជិកពេញ សិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ចំនួន២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង។ បេសកកម្មរបស់ Francophonie គឺដើម្បី៖
(១) ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា
(២) លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
(៣) គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ
(៤) អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕