(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ មានជនជាតិចំនួន ៤នាក់ទៀត ត្រូវបានសង្គ្រោះ ក្រោយមានការប្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ដែលអះអាងថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឲ្យបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ។

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកញា ឆ្នាំ២០២២ វេលាម៉ោង ១២៖៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកឃើញជនរងគ្រោះ ចំនួន ០៤នាក់ រួមមាន៖

១៖ ឈ្មោះ YUAN WENJIE ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចិន។
២៖ ឈ្មោះ YANG WANG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន។
៣៖ ឈ្មោះ CHEN QINGFENG ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចិន។
៤៖ ឈ្មោះ YI KECHENG ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន។

បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំអ្នកគ្រប់គ្រងជនជាតិចិន ០២នាក់ ភេទប្រុស មកធ្វើការសាកសួរ តាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕