(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យបើកដំណើរការមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ បន្ទាប់ពីស្ថានភាពរីករាលដាល ជំងឺកូវីដ១៩ បានថមថយមួយរយៈ។

តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានអនុញ្ញាតឱ្យ ក្រសួងអប់រំ យុវជន និងកីឡា បើកមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញផងដែរ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីអនុវិទ្យាល័យឡើងទៅ ក្រោយពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ថមថយមួយកម្រិត។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ SOP។

គោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ តម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម។

ជាមួយនឹងការអនុញ្ញាតឱ្យបើកសាលារៀនជាបណ្តើរៗនេះ រាជរដ្ឋាភិបាល បានដាក់វិធានការនានា ដើម្បីទបស្កាត់ការចម្លងមេរោគកូវីដ១៩ ក្នុងក្នុងនោះក៏មានការផ្អាកការរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ តទៅផងដែរ។

សម្តេចបានថ្លែងថា ការសម្រេចបែបនេះ គឺជាការព្យាយាមកុំឱ្យមានការចម្លងជំងឺកូវីដ១៩ ពីផ្ទះទៅវត្តអារ៉ាម និងពីវត្តអារ៉ាមមកផ្ទះ ដែលនាំទៅដល់ការឆ្លងកាន់តែខ្លាំងនៅក្នុងសហគមន៍បន្ថែមទៀត ក្នុងពេលដែលរាជរដ្ឋាភិបាលបានបើកសាលារៀនឡើងវិញជាបន្តបន្ទាប់ ដែលខាងមុខនេះ យើងនឹងឈានទៅបើកកាន់តែធំថែមទៀត៕