(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងបង្ការជំងឺកូវីដ១៩។

ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំនៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមដើម្បីត្រៀមចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ។

ពេលវេលាសម្រាប់ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា អាចដំណើរការចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ស្អែកនេះក៏បានដែរ ព្រោះវ៉ាក់សាំង AstraZeneca នេះក៏មានត្រៀមនៅក្នុងដៃមួយចំនួនដែលរួចហើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានយកការសម្រេចហើយ អនុញ្ញាតឲ្យចាក់ដូសទី៣ ឬដូសជំរុញ ហើយប្រើប្រាស់វ៉ាក់សាំង AstraZeneca ធ្វើជាដូសជំរុញ។ អ្នកដែលបានចាក់ស៉ីណូហ្វាម ឬស៉ីណូវ៉ាក់ ត្រូវយក AstraZeneca ធ្វើជាដូសជំរុញ»។

យ៉ាងណាមិញ សម្រាប់អ្នកដែលទទួលបាននូវអាទិភាពក្នុងការចាក់ដូសទី៣ ឬដូសជំរុញនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គឺក្រុមជួរមុខជាមុន ដែលមានចំនួនប្រមាណ៥០ម៉ឺននាក់ ទៅ១លាននាក់។ ក្នុងករណីត្រឹម៥០ម៉ឺន ទៅ១លាននាក់នេះ គឺប្រើប្រាស់វ៉ាក់សាំងមកពីអង់គ្លេស និងមកពីជប៉ុន គឺគ្រប់គ្រាន់ហើយ។

ពាក់ព័ន្ធការងារនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ជូនវ៉ាក់សាំង AstraZeneca ទៅអនុវត្តនៅខ្សែត្រៀមជួរមុខតាមព្រំដែនកម្ពុជា-ថៃ ដែលមានវីរុសកូវីដបំប្លែងថ្មី Delta កំពុងវាយលុកច្រើន។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា វ៉ាក់សាំង AstraZeneca ដែលកំពុងមានក្នុងដៃ ត្រូវត្រៀមសម្រាប់ប្រើប្រាស់ចាក់ដូសជំរុញនេះ។

ដើម្បីបង្កលក្ខណៈឲ្យការប្រើប្រាស់នេះគ្រប់គ្រាន់តែតម្រូវការ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ត្រៀមរកទិញវ៉ាក់សាំង AstraZeneca តាមរយៈ យន្ដការកូវ៉ាក់ ឬទាក់ទងទៅរោងចក្រផ្ទាល់តែម្ដង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអនុគណៈកម្មការស្រាវជ្រាវ ត្រូវសិក្សាស្រាវជ្រាវរកវ៉ាក់សាំងប្រភេទណា សម្រាប់ចាក់ដូសទី៣ ដល់អ្នកចាក់ដែលបានចាក់វ៉ាក់សាំង AstraZeneca រួចរាល់។ បើតាមការគិតផ្ទាល់ខ្លួនរបស់សម្ដេច ប្រហែលអាចប្រើប្រាស់វ៉ាក់សាំងស៉ីណូហ្វាម ឬស៉ីណូវ៉ាក់ តែសម្រេចយ៉ាងណាអាស្រ័យលើអ្នកជំនាញសុខាភិបាលសិក្សាឲ្យបានច្បាស់លាស់ជាមុនសិន៕