(កណ្តាល)៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅលើទឹកដីស្រុកកោះធំ ខេត្តកណ្តាល ដែលជាទឹកដីកំណើតរបស់ខ្លួន នោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវប្រជាពលរដ្ឋឱ្យ រួមគ្នារក្សាស្មារតីថ្ងៃជ័យជម្នះ «៧មករា» និងការពារសុខសន្តិភាព ដើម្បី រក្សាឱកាសក្នុងការកសាងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ «៧មករា» នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិការក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកោះធំ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៦០៩នាក់។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ «៧មករា» ថ្ងៃដែលប្រជាពលរដ្ឋខ្មែរ បានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហមនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកឡើងវិញ ពីទុក្ខសោក ការលំបាកវេទនា និរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការកាប់សម្លាប់ដ៏ព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហមនោះ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចពីភាពខ្ទេចខ្ទាំ និងការបំផ្លិចបំផ្លាញជាតិក្រោមការដឹកនាំរបបខ្មែរក្រហម ធ្វើឱ្យខឿនសេដ្ឋកិច្ចជាតិទាំងមូល ត្រូវធ្លាក់ចុះដល់ចំណុចសូន្យ។

ក្រៅតែពីការរំលឹកដល់ស្ថានភាពដ៏លំបាកវេទនារបស់ប្រជាពលរដ្ឋ និងភាពខ្ទេចខ្ទាំនៃសេដ្ឋកិច្ចជាតិក្នុងប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃហើយនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីចលនាតស៊ូរបស់ថ្នាក់ដឹកនាំជាតិរួមមានសម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងវីរៈយុទ្ធជន វីរៈយុទ្ធនារី និងអ្នកស្នេហាជាតិជាច្រើនទៀត បានធ្វើពលីកម្មយ៉ាងធំធេងសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

«ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាមហាជោគជ័យជាប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ៧ មករា ១៩៧៩ ជាជ័យជម្នះ ដែលបានសង្គ្រោះអាយុជីវិតខ្មែរចេញពី រណ្តៅមរណៈ យើងគ្រប់គ្នាត្រូវតែចងចាំនូវសច្ចភាពប្រវត្តិសាស្ត្រនេះ។ បើគ្មានថ្ងៃនោះ យើងគ្រប់គ្នានឹងគ្មានថ្ងៃនេះឡើយ»។ នេះជាការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញសមិទ្ធផលជាតិជាច្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរយៈពេល៤៤ឆ្នាំមកនេះ។

លោកទេសរដ្ឋមន្ត្រី បានលើកមកបង្ហាញយ៉ាងដូច្នេះ «កម្ពុជាយើងសព្វថ្ងៃបានទទួលសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញហើយ ដោយយើងទាំងអស់គ្នាបានចាប់ផ្តើមធ្វេីឱ្យមានការអភិវឌ្ឍឡើងវិញចាប់តាំងពីបាតដៃទទេររហូតមកដល់ពេលឥឡូវនេះ មានការរីកចម្រើនគ្រប់វិស័យ ពិសេសសមិទ្ធផលវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន។ នេះជាសមិទ្ធផលកើតឡើង ដោយសារការខិតខំរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា»

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋគ្រប់រូបនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជួយពន្យល់បន្តដល់បងប្អូន ឪពុកម្ដាយ សាច់ញាតិ មិត្តភក្ដិរបស់ខ្លួននៅស្រុកកោះធំ ឱ្យបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍប្រកបដោយចិរភាព ក៏ដូចជាបង្ហាញអន្តរជាតិឱ្យឃើញពីការរួបរួមជាតិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួបរួម សាមគ្គីគ្នាជាធ្លុងមួយ កុំជឿតាមការញុះញង់ពីសំណាក់ពួកជនអគតិ គ្មានសីលធម៌ ដែលតែងតែបំភិតបំភ័យ និងភូតភរ គ្រប់រូបភាព។

ទន្ទឹមនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរឱ្យប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា កុំបីខានហើយនៅពេលអញ្ជើញទៅបោះឆ្នោតបងប្អូនត្រូវពិចារណាឱ្យបានច្បាស់លាស់ ត្រូវដឹងថាគណបក្សណាដែលធ្វើឱ្យកម្ពុជា មានសន្តិភាពដូចសព្វថ្ងៃ គណបក្សណាបានធ្វើឱ្យមានការ អភិវឌ្ឍរីកចម្រើន ដោយបានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ៕