(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ បង្គាប់ឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលញុះញង់ ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល។

ការចេញដីកាឱ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្តឹងទណ្ឌិត សម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែមេសានេះថា ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះវីដេអូតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់ ក្រោមល្បិចកលបង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា រហូតពេលនេះ សមត្ថកិច្ចបានទទួលរួចហើយនូវ ដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ហើយកម្លាំងសមត្ថកិច្ចក៏បាន និងកំពុងអនុវត្តតាមដីការបស់តុលាការផងដែរ។

ជាមួយនឹងការចោទប្រកាន់២បទល្មើសខាងលើ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរ ក៏បានបង្គាប់កម្លាំងសាធារណៈស្រាវជ្រាវជ្រាបចាប់ និងនាំខ្លួន ហើយបង្គាប់ឱ្យពន្ធនាគារឃុំខ្លួនទណ្ឌិតនេះផងដែរ។

ពាក់ព័ន្ធនឹងករណីញុះញង់របស់ទណ្ឌិត សម រង្ស៉ី នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុុត្តិធម៌ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នាព្រឹកមិញនេះ បានហៅទណ្ឌិត សម រង្ស៉ីថាជាឧក្រិដ្ឋជន។ លោកចាត់ទុកថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី ជាការប្រឆាំងនឹងច្បាប់កម្ពុជា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យលង់ជឿតាមការញុះញង់របស់ឧក្រិដ្ឋជន ដែលញៀននឹងការប្រព្រឹត្តបទល្មើសរូបនេះឱ្យសោះ៕