(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិព័រណ៍យានយន្តអគ្គិសនី។ ពិព័រណ៍យានយន្តអគ្គិសនីនេះ នឹងរៀបចំឡើងនៅបរិវេណក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិព័រណ៍នេះ នឹងមានការអនុញ្ញាតឱ្យសាកល្បងបើកបរយានយន្តអគ្គិសនី។ បន្ថែមពីលើនោះ ក៏ទទួលបានឱកាសចូលរួមក្នុងកិច្ចពិភាក្សាជាមួយវាគ្មិនជំនាញអំពីអនាគតយានយន្តអគ្គិសនីនៅកម្ពុជា។

លោក សុទ្ធាយុត្តិ ក៏បានឱ្យដឹងដែរថា អ្នកចូលរួមក៏អាចជួបក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនីដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែម។

ជាមួយនឹងពិភពលោកកំពុងឆ្ពោះទៅការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងជំរុញការប្រើប្រាស់យានយន្តថាមពលអគ្គិសនីនៅកម្ពុជាផងដែរ។ ការប្រើប្រាស់យានយន្តថាមពលអគ្គិសនីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

លោកទេសរដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន ដើម្បីឈានឆ្ពោះទៅការប្រើប្រាស់យានយន្តថាមពលអគ្គិសនីនេះឱ្យកាន់តែទូលំទូលាយ។ លោកក៏ធ្លាប់បានជួបជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈជជែកពីការសាងសង់កន្លែងបញ្ចូលអគ្គិសនីរថយន្តផងដែរ៕