(ភ្នំពេញ)៖ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ នេះបើតាមសេចក្តីប្រកាសរួមកម្ពុជា-មីយ៉ាន់ម៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការធានាអះអាងនេះ បានធ្វើឡើងក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មីន អោង ឡាំង ក្នុងឱកាសដែលសម្តេចបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ ដើម្បីជួយសម្របសម្រួល ដល់វិបត្តិភូមា ដែលកំពុងអូសអន្លាយ។

សេចក្តីប្រកាសរួមកម្ពុជា-មីយ៉ាន់ម៉ា បានបញ្ជាក់ថា ក្នុងឱកាសជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។

សេចក្តីប្រកាសបានបញ្ជាក់ដូច្នេះថា៖ «សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្ដែង នៅមីយ៉ាន់ម៉ា»

បើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឆ្នាំ២០២២ នឹងបំពេញទស្សនកិច្ចជាបន្តបន្ទាប់ នៅប្រទេសមីយ៉ាន់ បន្ទាប់ពីទស្សនកិច្ចបើកទំនាក់ទំនងរបស់សម្តេច នៅដើមឆ្នាំថ្មីនេះ។

ប្រេសិតពិសេសប្រធានអាស៊ាន គឺត្រូវអនុវត្តទៅតាមភារកិច្ច ដែលបានដាក់ចេញតាមរយៈគោលការណ៍កុងសង់ស៊ីស ៥ចំណុច ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដូចជា៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន និងប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ជាដើម៕