(ភ្នំពេញ)៖ បន្ទាប់ពីបានវាយប្រហារគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសជាថ្មីអំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅនិរទេស។

ការប្រកាសរបស់ លោក កឹម សុខា បានធ្វើឡើងនៅក្នុងសវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពី លោក សម រង្ស៉ី បានវាយប្រហាររូបលោកចំពោះការមិនចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន ដែលជាចលនាប្រឆាំងដ៏ខ្លាំងថ្មីមួយ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ។

នៅក្នុងសវនាការនេះ លោក កឹម សុខា បានប្រកាសថា លោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយលោក សម រង្ស៉ី ដែលកំពុងរងបណ្តឹងជាច្រើន និងកំពុងរស់នៅបរទេស។ លោក កឹម សុខា អះអាងថា រូបលោក និងលោក សម រង្ស៉ី មិនមែនជាមនុស្សតែមួយដូច លោក សម រង្ស៉ី ធ្លាប់បានលើកឡើងទេ ហើយគ្រប់សកម្មភាពដែលលោក សម រង្ស៉ី បានធ្វើកន្លងទៅ លោកមិនដែលបានគាំទ្រនោះឡើយ។

នេះមិនមែនជាលើកទី១ទេ ដែល លោក កឹម សុខា ចេញមុខប្រកាសផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានចេញប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត។ 

លោក កឹម សុខា បានលើកឡើងដូច្នេះថា៖ «ចប់ហើយ ! ខ្ញុំជាមួយលោក សម រង្ស៉ី ខ្ញុំសូមជម្រាបជូន ច្បាស់ហើយ អត់មាន សម រង្ស៉ី កឹម សុខា តែមួយទៀតទេ ដូចសម្តេចនាយកអញ្ចឹង កាលមុនមានដៃគូសន្ទនា ឥឡូវអត់មានដៃគូសន្ទនាជាមួយ សម រង្ស៉ី ទៀតទេ វាអញ្ចឹង គេដើរផ្លូវផ្សេង គេទៅនាំបក្សភ្លើងទៀនរបស់គេទៅបង្កើតក្រុមបោះឆ្នោត ចេញទៅបាត់ហើយ វាយប្រហារខ្ញុំទៀតថ្មីៗហ្នឹងថា ខ្ញុំអត់ទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន កំហុសធ្ងន់ណាស់»។

«ច្បាស់ទាំងអស់ ដូច្នេះហើយរឿងកន្លងមកវិវឌ្ឍយ៉ាងម៉េចៗ មិនមែនតែខ្ញុំទេវិវឌ្ឍនយោបាយ អ្នកនយោបាយច្រើនណាស់ សម្តេចក្រុមព្រះ និងសម្តេចនាយក ក៏ធ្លាប់ត្រូវរ៉ូវគ្នាក៏ធ្លាប់ច្បាំងគ្នា ក៏ធ្លាប់ជជែកគ្នា ក៏ធ្លាប់ធ្វើការជាមួយគ្នា ក៏ធ្លាប់ឈ្លោះគ្នា សុទ្ធតែមានអញ្ចឹងទាំងអស់ ហើយអត់មានច្បាប់សរសេរទេអាហ្នឹង សុទ្ធតែជាកិច្ចព្រមព្រៀងនយោបាយ»។

«មិនមែនខ្ញុំនិយាយរឿងនេះតែនៅក្នុងអង្គសវនាការទេ ដោយសារខ្ញុំគ្មានសិទ្ធិនយោបាយ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ឱ្យបានច្បាស់ជាសាធារណៈនៅខាងក្រៅដើម្បីជាជំហរនៅថ្ងៃនេះ អញ្ចឹងខ្ញុំចង់បញ្ជាក់នៅក្នុងអង្គសវនាការថា សួរតែប្រជាពលរដ្ឋក៏គាត់ដឹងដែរថា លោកសម រង្ស៉ី គាត់ដើរទៅណា គាត់ធ្វើអ្វី គាត់ប្រកាសអ្វី ខ្ញុំដែលគាំទ្រឯណា គាត់ប្រកាស៩វិច្ឆិកា ប្រមូលកម្លាំងគាត់នឹងវិលមកវិញ ដើម្បីចាប់លោកនាយករដ្ឋមន្រ្តី អំពាវនាវឱ្យកងទ័ពអីហ្នឹង ខ្ញុំអត់ដែលគាំទ្រសោះ មានតែហាមគ្នាខ្ញុំមិនឱ្យទៅជាមួយទៀត ប៉ុន្តែខ្ញុំអត់មានសិទ្ធិនយោបាយនិយាយជាសាធារណៈ»។

«ខ្ញុំទ្រាំយូរហើយប៉ុន្តែខ្ញុំមិនអាចនិយាយជាសាធារណៈ នៅពេលណាដែលចៅក្រម លោកអនុញ្ញាតឱ្យ ខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំនឹងបើកសន្និសីទកាសែតមួយនិយាយរឿងហុ្នឹងភ្លាមតែម្តង ធ្វើសន្និសីទកាសែតនិយាយឱ្យច្បាស់តែម្តង»។

«ទឹកដីកម្ពុជាជាទឹកដីរបស់ខ្ញុំ ខ្ញុំអត់មានប្រទេសទី២ទេ ខ្ញុំនៅប្រទេសនេះ ខ្ញុំត្រូវការប្រទេសនេះ Accept អត់មាននាំបរទេសណាមកបំផ្លាញស្រុកខ្ញុំទេ ហើយអត់មានបង្កចលាចលទេ អ្នកណាដែលបង្កចលាចលសូមនៅឱ្យឆ្ងាយពីខ្ញុំ»៕