(កណ្ដាល)៖ មន្ទីរពេទ្យកម្ពស់៣ជាន់ និងអគារអមចំនួន២ផ្សេងទៀត បានចាប់ផ្តើមលេចចេញជារូបរាងហើយ ដោយបុកគ្រឹះសាងសង់លើទឹកដីស្រុកកោះធំនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមជាកិត្តិយសពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្រ្តីរាជការជាច្រើននាក់ផ្សេងទៀត។

គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោយពីការសាងសង់រួច មន្ទីរពេទ្យនេះ នឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ។

ស្ថិតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «បើគ្មានសុខសន្តិភាព យើងគ្មានឱកាសបានមកជួបជុំក្នុងកម្មវិធីចុះបឋមសិលាបុកគ្រឹះសាងសង់អគារមន្ទីរពេទ្យនេះទេ, បើគ្មានសុខសន្តិភាពទេ យើងគ្មានកសាងផ្លូវ២១នេះទេ, បើគ្មានសុឋសន្តិភាព យើងគ្មានឱកាសទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជា បង្កើតឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋយើងធ្វើ, បើគ្មានសុខសន្តិភាព ក៏គ្មានឱកាសទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ មកលេងកំសាន្តនៅកម្ពុជាយើង, បើគ្មានសុខសន្តិភាព យើងគ្មានឱកាសដាក់ផលិតផលកសិកម្មយើងលក់នៅបរទេស ដើម្បីបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដូច្នេះសុខសន្តិភាពនេះជាកត្តាមួយដ៏សំខាន់បំផុត ក្នុងកសាងមាតុភូមិប្រទេសជាតិរបស់យើងដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវដឹងគុណសន្តិភាព»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងជំរុញដល់បងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមគ្គុទេសឯកក្នុងការដឹកនាំប្រទេសជាតិឱ្យស្គាល់តែសុខសន្តិភាព ស្គាល់តែការរីកចម្រើន មានការអភិវឌ្ឍ និងមានមិត្តភាពល្អ ជាមួយនឹងបរទេស ខណៈដែលធនធានមនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជាមានច្រើនសម្បូរបែប មានបណ្ឌិតជាច្រើននាក់ ពិសេសគឺមានក្រុមបញ្ញវន្តជាច្រើននាក់ មានទាំងមន្ត្រីជើងចាស់និងមន្ត្រីជើងថ្មី ដែលសុទ្ធសឹងតែជាធនធានមនុស្សដ៏ល្អឯកសម្រាប់ដឹកនាំប្រទេសជាតិបន្តទៅមុខជានិរន្តរ៍»។

សូមបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង៣ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២៕