(ប៉ារីស, បារាំង)៖ ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើការផលិតថាមអគ្គិសនី​កកើត​​ឡើង​វិញ​នៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ព្រោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បំណងរបស់ក្រុមហ៊ុន TotalEnergies ត្រូវបានលើកឡើងដោយលោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងក្នុងជំនួបនោះ លោក Patrick POUYANNÉ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ប្រធានក្រុមហ៊ុន TotalEnergies បានជម្រាបសម្តេចធិបតីថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុន​មាន​កិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ននៅកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មាន​អាជីវក​ម្ម​លើ​វិស័យថាមពលអគ្គិសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន ក៏បានបង្ហាញអំពីបំណង​ស្វែង​រក​ឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យ​នៃគម្រោងនេះ នឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជា​កាន់​តែមានជម្រើសប្រភពថាមពលបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោក Patrick POUYANNÉ និងសហការី និងបានបង្ហាញ​ក្តី​រីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជា​ទៅលើវិស័យថាមពល​កកើត​ឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភព​ថាមពល​កកើតឡើងវិញនេះ។

សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការលើការវិនិយោគនៃការតភ្ជាប់បណ្តាញ​ចរន្ត​អគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរីផងដែរ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្ត និងជំរុញឱ្យ​ក្រុម​ហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល។

សូមបញ្ជាក់ថា ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់៕