(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស៦៣គ្រឿង ក្នុងនោះរថយន្ត៣៣គ្រឿង និងម៉ូតូ៣០គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន៦៣គ្រឿង (រថយន្ត ចំនួន៣៣គ្រឿង, ម៉ូតូ ចំនួន៣០គ្រឿង)៖

*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៣៦គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន១៣គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៨នាក់ អ្នកបើកបររថយន្ត ចំនួន៥នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន២៣គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១២នាក់ និងអ្នកបើកបររថយន្ត ចំនួន១១នាក់។

*ទី២៖ បទល្មើសផ្សេងៗ ចំនួន២៧គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន៩នាក់, ម៉ូតូគ្មានប័ណ្ណបើបករ១គ្រឿង, រថយន្ដគ្មានប័ណ្ណបើកបរចំនួន១៦គ្រឿង និងរថយន្ដផ្ទុកសារធាតុញៀនចំនួន១គ្រឿង។

*ទី៣៖ វិធានការអប់រំ ចំនួន៥៥នាក់៖ អប់រំអ្នកបើកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន ១៦នាក់, អ្នកបើកបររថយន្ត ចំនួន៩នាក់, អ្នកបើកបរម៉ូតូ ចំនួន៧នាក់, អប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន៣៩នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕