(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជាថ្មីឱ្យជនរួមជាតិទាំងអស់ថែរក្សាការពារនូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម ដែលចង់បំផ្លាញដល់សុខសន្តិភាពរបស់ប្រទេសជាតិ។

ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចបានលើកឡើងថា ៤៤ឆ្នាំកន្លងទៅនេះ គឺជា ៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយ វីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពី ទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និង ពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។

សម្តេចបានបន្តថា ពិតណាស់ថាផ្លូវទៅមុខនៅតែមានឧបសគ្គ និងការលំបាកធំៗយ៉ាងច្រើនបន្តទៀត ប៉ុន្តែគ្មានអ្វីអាចមករារាំងយើងបានឡើយ ឲ្យតែយើងមានការរូបម សាមគ្គីគ្នាជាធ្លុងមួយ បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងទៅលើមាគ៌ាដ៏ត្រឹមត្រូវ ដូចដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ។ យើងគប្បីចងចាំថា កត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់ន ជ័យជម្នះ រីឯកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។

«ក្នុងន័យនេះ ប្រជាជាតិមួយដែលមានឯកភាពជាតិ ប្ដូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យឡើយ។ ដូច្នេះ ត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់វង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិដែលយើងសម្រេចបានមក ដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណាឬអនុភាពណាមកបំផ្លាញបានឡើយ»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

ត្រង់ចំណុចនេះ សម្តេចបានគូសបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវា បន្តបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មី ទៀតសម្រាប់ប្រជាជាតិយើង។ ជនណា ឬគណបក្សនយោបាយណាដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិត ក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន៕