(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវសមានទឹកចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវព្រមទាំងក្រុមគ្រួសារញាតិមិត្ត ចំពោះការបាត់បង់នូវស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក ជីតា និងជីតាទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត និងជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលកន្លងមក ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និងបានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចប្រកបដោយឆន្ទៈមនសិកា តាមរយៈការចូលរួមលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិឱ្យទទួលបានសុខក្សេមក្សាន្ត។

យើងខ្ញុំ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពរបស់ ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕