(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារពិសេសមួយ ដោយសុំលុបចោលការផ្តល់ថវិកា ៣០ម៉ឺនរៀលសម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន កាលពីដើមខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីផ្តល់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ តែនៅពេលនេះសម្តេចបានស្នើសុំលុបការឧបត្ថម្ភប្រាក់នេះវិញ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការសម្រេចបែបនេះ ដោយសារតែពេលនេះទាំងរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ត្រូវបានអនុវត្តវិធានការបិទខ្ទប់ ដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ សុទ្ធតែបានជាប់ក្នុងប្រៀបដូចជាការធ្វើចត្តាឡីស័កផងដែរ។ ដូច្នេះបើត្រូវឧបត្ថម្ភ គឺឧបត្ថម្ភដូចៗគ្នា។

សម្តេចតេជោ បានប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋ ហើយសុំបង្វែរពីការឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល មកជំនួសដោយផ្តល់ស្បៀងអាហារជាអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងសម្ភារៈផ្សេងៗជំនួសវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «សូមបងប្អូនមេត្តាយោគយល់ ៣០ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូន ក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់ធ្វើចត្តាឡីស័ក និងជាប់នូវបំរាមដូចៗគ្នា។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះ យើងក៏ពុំមានជម្រើសណា ក្រៅតែពីចែកជូនអ្នកព្រមទទួលប៉ុណ្ណោះ»

សម្តេចតេជោបន្តថា «ខ្ញុំបានទទួលព័ត៌មានដោយមានការក្តុកក្តួលក្នុងចិត្តថា មានបងប្អូនមួយចំនួនបដិសេធមិនទទួលយកជំនួយ។ ប្រសិនបើបងប្អូនបដិសេធ ខ្ញុំស្នើសុំឱ្យអ្នកដែលផ្តល់ជំនួយដកថយពីតំបន់នោះ ទៅចែកជូនប្រជាជននៅតំបន់ផ្សេង ដែលគេត្រូវការ។ យើងមិនអាចប្រកែក ពន្យល់ពលរដ្ឋរបស់យើងបានទេនៅតំបន់ដែលប្រជាពលរដ្ឋរបស់យើងមិនព្រមទទួលយកនូវការពន្យល់។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើត្រឹមតែ១ម៉ឺន ឬ២ម៉ឺនគ្រួសារ វាមិនលំបាកទេ ក៏ប៉ុន្តែឥឡូវនេះយើងមានរាប់សិបម៉ឺនគ្រួសារ ហើយបើបងប្អូនទាមទារ។ ម្នាក់ៗគិតតែពីទាមទារឱ្យខានតែបាន រដ្ឋជួបការលំបាកក្នុងការដោះស្រាយ តើត្រូវដោះស្រាយរបៀបណា? យន្តការដោះស្រាយក៏មានកម្រិតក្នុងពេលប្រថុចញ៉ុចរបស់យើង»

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្មវិធីឧបត្ថម្ភប្រាក់បែបនេះ អាចអនុវត្តបានតែនៅកន្លែងធ្វើចត្តាឡីស័កដោយដាច់ ដោយដុំតែប៉ុណ្ណោះ មិនអាចធ្វើក្នុងតំបន់បិទខ្ទប់ដូចជារាជធានីភ្នំពេញ និងខេត្តកណ្តាលនោះទេ។

សម្តេចបានបញ្ជាក់បែបនេះ «យើងអាចធ្វើទៅតាមទីកន្លែងដែលមានម្នាក់ ឬពីរនាក់ ៤ ទៅ៥នាក់ នៅក្នុងស្រុកមួយតែប៉ុណ្ណោះ។ ប៉ុន្តែមិនអាចធ្វើនៅទូទាំងរាជធានី ដែលមានមនុស្សរាប់លាននាក់នោះបានដែរ។ សូមបងប្អូនមេត្តាយោគយល់ ហើយបញ្ឈប់ការទាមទារប្រាក់៣០ម៉ឺនរៀលតទៅទៀត»