(ប៉ារីស, បារាំង)៖ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group របស់បារាំង បានលើកឡើងថា សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាជាលក្ខខណ្ឌអំណោយ​ផល​ដ៏សំខាន់ដល់ការវិនិយោគ។

លោកប្រធានក្រុមហ៊ុន បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយ​ផល​ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រុមហ៊ុន VINCI Group ជាក្រុមហ៊ុនឈានមុខគេមួយរបស់បារាំង លើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។

VINCI Group មានបុគ្គលិកសរុប ២៧២,០០០នាក់ និងមាន ៧,២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក៕