(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវក្ដីជឿជាក់លើសមត្ថភាពរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ដ្រីបន្ដវេន របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងបន្ដធ្វើឲ្យកម្ពុជាមានការរីកចម្រើនលូតលាស់ទៅមុខទៀត។

ការបង្ហាញជំនឿយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅប្រទេសចិន។ ជំនួបនោះកូនប្រុសរបស់សម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។

នេះជាការបញ្ជាក់របស់លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោក សុខ ចិន្ដាសោភា បានថ្លែងយ៉ាងដូច្នេះថា «ឯកឧត្តមប្រធានាធិបតី បានស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ហើយលោកបានមានប្រសាសន៍យ៉ាងកក់ក្ដៅថា គាត់មានជំនឿជឿជាក់ថា នៅពេលដែលការបន្ដវេននោះ កម្ពុជា នឹងអាចបន្ដល្បឿននៃការអភិវឌ្ឍ ព្រោះឯកឧត្តមប្រធានាធិបតី មានជំនឿលើសមត្ថភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត គាត់មានប្រសាសន៍ខ្លួនគាត់តែម្ដង»

ដោយឡែក សម្រាប់លោក ហ៊ុន ម៉ានី វិញ ដែលជាអ្នកដឹកនាំខាងផ្នែកយុវជននោះ ត្រូវបានលោក លី សានស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន បង្ហាញជំនឿថា នឹងកាន់តែសកម្មបន្ថែមទៀត ព្រោះលោកយល់ឃើញថា ក្នុងទំនាក់ទំនងរវាងសភា និងសភា ក៏មិនខុសពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់ប្រទេសទាំងពីរនោះដែរ ពោលសំខាន់ណាស់លើការទំនាក់ទំនងរបស់យុវជន។

គួរជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាកូន​ប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ដ្រីបន្ដវេនា ហើយថ្មីៗនេះ ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក៏បានបន្ដគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែតទៀតផងដែរ។ បច្ចុប្បន្ន លោកបណ្ឌិត ហ៊ុន ម៉ាណែត មានតួនាទីជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមានឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី)៕