(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនគាំទ្រដាច់ខាតចំពោះការធ្វើប្រជាមតិរបស់រុស្ស៉ី ដើម្បីយកទឹកដីផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែន។

បន្ទាប់ពីប្រើប្រាស់កម្លាំងទ័ពគ្រប់គ្រងស្ទើរតែទាំងស្រុង រុស្ស៉ីបានរៀបចំបោះឆ្នោតធ្វើប្រជាមតិ ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន គឺលូហាន (Luhansk), ដូណេត (Donetsk) ដែលរួមគ្នាត្រូវគេស្គាល់ថា តំបន់ដុនបាស់ (Donbass) ព្រមទាំងតំបន់ឃើសុន (Kherson) និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia)។ តំបន់ទាំង៤នេះ តំណាងឱ្យប្រមាណ១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងអស់។

ក្រុមមន្ត្រីលើកបន្តុបដោយទីក្រុងមូស្គូ ក្នុងតំបន់ចំនួន៤ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ខណៈសហរដ្ឋអាមេរិកគ្រោងនឹងជំរុញឱ្យមានការអនុម័តលើដំណោះស្រាយ UN ថ្កោលទោសការបោះឆ្នោតប្រជាមតិ មួយនេះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាថ្មី ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត៣ពាន់គ្រួសារបន្ថែមទៀត នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីសំណើសុំការបញ្ជាក់ជំហររបស់ក្រសួងការបរទេសកម្ពុជា ជុំវិញការធ្វើប្រជាមតិរបស់រុស្ស៉ី។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងក៏បានបញ្ជាក់ទៅវិញអំពីបញ្ហានេះ ព្រោះខ្ញុំធ្លាប់បានបញ្ជាក់ហើយ ថាយើងអត់គាំទ្រទេ ហើយយើងប្រឆាំងជាមួយនឹងការបង្កើតរដ្ឋ ផ្តាច់រដ្ឋ ផ្តាច់ទឹកដី ហើយនឹងការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង»

សម្តេចបានបន្ថែមថា «បើសិនជាសេចក្តីសម្រេចដែលព្រៀងដោយអាមេរិក​ និងអាមេនី ដាក់ទៅក្នុងក្រុមប្រឹក្សាសន្តិសុខមិនបានទេនោះ ច្បាស់ជាទៅមហាសន្និបាតហើយ បើទៅមហាសន្និបាតអង្គការសហប្រជាជាតិ ច្បាស់ជាកម្ពុជាអត់មានជម្រើសណាផ្សេង»

«ព្រោះយើងគិតមើល បើគេសុខៗ ស្រាប់តែលើកទ័ពមកដាក់នៅខេត្តសៀមរាប ហើយធ្វើប្រជាមតិ ដើម្បីដាក់ថាសៀមរាបទៅជារដ្ឋផ្តាច់ខ្លួនមួយ តើយើងទទួលយកបានអត់? ​យើងពិតជាទទួលមិនបានទេអាហ្នឹង ។ ករណីដូចគ្នា សូម្បីតែនៅអឺរ៉ុប កូសុវ័រដែលបង្កើតឡើងដោយណាតូ និងខាងអឺរ៉ុប ក៏មកដល់ម៉ោងនេះ យើងអត់ទទួលស្គាល់ទេ អាហ្នឹងជំហរជាក់លាក់របស់យើង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។

កាលពីថ្ងៃទី០២ ខែមីនា ប្រទេសកម្ពុជាបានចូលរួមជាសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន។ សេចក្តីសម្រេចនោះបានថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន ដោយមានសំឡេងគាំទ្រ១៤១ប្រទេស ខណៈ៥ប្រទេសមិនគាំទ្រ និង៣៥ប្រទេសអនុបវេទ៕