(ភ្នំពេញ)៖ ជាសារសំខាន់មួយបញ្ជាក់ទៅកាន់ លោក សម រង្ស៉ី ឱ្យកាន់តែច្បាស់ថែមទៀត លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានអះអាងថា លោកតែងធ្វើអ្វីដែលលោកអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់លោក ដោយមិនធ្វើតាមអ្នកណាគំរាមបង្ខំនោះឡើយ។

លោក កឹម សុខា បានចេញមកបញ្ជាក់ជាថ្មីនៅតាមបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយនឹងការចែករំលែករបាយការណ៍សកម្មភាព ដែលលោកបានធ្វើក្នុងឆ្នាំ២០២១នេះ

លោក កឹម សុខា បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ»។

ការចេញមកបញ្ជាក់បន្ថែមរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានបន្តបំភ្លៃលាបពណ៌អំពីការចេញមកប្រកាសរបស់ លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ដែលថា «មិនពាក់ព័ន្ធជាមួយលោក សម រង្ស៉ី» នោះ ថាជាសារដែលធ្វើឡើងដោយការបង្ខិតបង្ខំពីគណបក្សកាន់អំណាច។

ក្រោយមានការបន្តបំភ្លៃពីលោក សម រង្ស៉ី បែបនោះ កូនស្រីរបស់ លោក កឹម សុខា ទាំងពីររូប រួមទាំងមនុស្សជំនិតរបស់ លោក កឹម សុខា គឺលោក មុត ចន្ថា ដែរនោះបានប្រតិកម្មភ្លាម។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា បានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបចំពោះលោក សម រង្ស៉ី ដោយបានលើកឡើងដូច្នេះថា៖ «ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវ ឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»

កញ្ញា កឹម សុមាធីតា ដែលជាកូនស្រីពៅរបស់ លោក កឹម សុខា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏បានចេញមុខបកអាក្រាតលោក សម រង្ស៉ី នៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter)។ កញ្ញាបានលើកឡើងថា ចាប់តាំងពីឪពុករបស់នាងត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ លោក សម រង្ស៉ី និងបក្ខពួកបានលាបពណ៌ឪពុកនាង និងគ្រួសារមិនឈប់ឈរ៕