(ភ្នំពេញ)៖ លោក ហ្វ្រាំងវា៉ល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ បាននូវ​ក្តី​រីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ដែលត្រូវបានពង្រីកភាពជាដៃគូជាបន្តទៀត។ លោកប្រធានាធិបតី បានសង្កត់ថា កម្ពុជា និងអាល្លឺម៉ង់ អាចពិភាក្សាដោយការគោរពឱ្យតម្លៃគ្នា ដោយពុំចាំបាច់មានមតិ ឬទស្សនៈដូចគ្នាគ្រប់រឿងនោះឡើយ។

លោកប្រធានាធិបតី បានថ្លែងគូសរំលេចបែបនេះ នៅក្នុងពិធីលៀង​សាយ​ភោជ​ន៍ រៀបចំដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកប្រធានាធិបតីអាល្លឺម៉ង់ គឺជាប្រធានាធិបតីទី១របស់អាល្លឺម៉ង់ ដែល​បាន​អ​ញ្ជើញមកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅកម្ពុជា ចាប់តាំង​ពី​កម្ពុជា និងអាល្លឺម៉ង់ ភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ១៩៦៧។ ដំណើរទស្សនកិច្ចត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចដ៏មា​ន​សារៈសំខាន់ឆ្ពោះទៅដំណាក់កាលថ្មីនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាល្លឺម៉ង់។

សម្តេចប្រមុខរដ្ឋស្តី សាយ ឈុំ បានថ្លែងក្នុងពិធីលាងសាយភោជន៍នោះថា ទស្សនកិច្ចរបស់លោកប្រធានាធិបតី បាន​ឆ្លុះ​បញ្ចាំងអំពីការយកចិត្តទុកដាក់ ជាមួយមនោសញ្ចេតនា​មិត្តភាពដ៏ជ្រាល​ជ្រៅ​របស់លោកប្រធានាធិបតី និងលោកស្រីជាភរិយា ក៏ដូចជាប្រជាជនអាល្លឺម៉ង់ ចំពោះប្រជាជន​កម្ពុជា។

«ទស្សនកិច្ចនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ថែរក្សាពូនជ្រុំចំណងមិត្ត​ភាពដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជន និង​ប្រទេស​ទាំងពីរឈានទៅកាន់កម្រិតថ្មីមួយទៀត ដើម្បីនាំមកនូវផល​ប្រយោជន៍​ទៅវិញទៅមកដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំង​ពីរ»។ នេះជាការគូសបញ្ជាក់របស់សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី។

ក្នុងពិធីលាងសាយភោជន៍នោះ លោកប្រធានាធិបតីអាល្លឺម៉ង់ ក៏បានបង្ហាញ​នូ​វ​ក្តី​សោមនស្សរីករាយ ដែលរូបលោកបានក្លាយជាប្រធានាធិបតីអាល្លឺម៉ង់​ទី​មួយ ដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយមានឱកាស​មក​ស្គាល់មកដឹងអំពីទឹកចិត្ត និងដួងព្រលឹងជាតិកម្ពុជា។

លោកប្រធានាធិបតី ក៏បានសម្តែងនូវសេចក្តីរីករាយដោយសារប្រទេស​អាល្លឺ​ម៉ង់ និងប្រទេសកម្ពុជា បានពង្រីកភាពជាដៃគូគ្នាជាបន្តទៀត។

«យើងពុំចាំបាច់ត្រូវតែមានមតិដូចគ្នាគ្រប់រឿងជានិច្ចនោះទេ ក៏ប៉ុន្តែយើង អាច​ធ្វើ​ឱ្យការពិភាក្សាគ្នា ដែលប្រកបទៅដោយការគោរពឱ្យតម្លៃគ្នា និង​ដែលមានលក្ខណៈស្មោះត្រង់ រវាងអ្នកជាដៃគូនិងគ្នា​នោះ ​កាន់តែស៊ីជម្រៅ​ថែមទៀត»។ នេះជាការគូសបញ្ជាក់របស់លោកប្រធានាធិបតី។

លោកប្រធានាធិបតីបន្ថែមថា «នៅក្នុងការពិភាក្សា គឺយើងពុំមែនគ្រាន់តែ​ផ្លាស់​ប្តូរមតិគ្នា ត្រឹមតែកម្រិតនយោបាយតែប៉ុណ្ណោះនោះទេ ទំនាក់ទំនងរវាង​ផ្នែកសេដ្ឋកិច្ច និងសង្គម,ទំនាក់ទំនងរវាងប្រជាពលរដ្ឋ​ នៃប្រទេសយើង​ទាំង​ពីរក៏ជាកត្តាសំខាន់ផងដែរ»

សូមបញ្ជាក់ថា កម្ពុជា និងអាល្លឺម៉ង់ បានភ្ជាប់ទំនាក់ទំនងគ្នាជាផ្លូវការ​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧។ ទំនាក់ទំនងត្រូវបានកាត់ផ្តាច់ទៅ​វិញ​នៅឆ្នាំ១៩៧៥ ហើយបានភ្ជាប់ទំនាក់ទំនងពេញលេញឡើងវិញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩២។

ក្នុងទំនាក់ទំនងផ្លូវការរយៈពេល ៥៥ឆ្នាំមកនេះ មិនធ្លាប់មានឥស្សរជន​ជាន់​ខ្ពស់​ឋានៈ​ប្រធានាធិបតីរបស់អាល្លឺម៉ង់មកទស្សនកិច្ចនៅកម្ពុជា​នោះឡើយ។ ដំណើរទស្សនកិច្ចរបស់លោក ហ្វ្រាំងវា៉ល់ធ័រ ឆ្តែនម៉ៃយ័រ នាពេលនេះ ជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់​លើក​ដំបូងហើយនៅកម្ពុជា។

បើទោះបីមិនសូវមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកម្រិតកំពូលយ៉ាងណាក្តី តែអាល្លឺម៉ង់ គឹជាប្រទេសដែលមានកិច្ច​សហប្រតិបត្តិ​ការ​ច្រើន​ជាមួយកម្ពុជា ហើយក៏បានចូលរួមផ្តល់ជំនួជាច្រើនសម្រាប់​កម្ពុជាផងដែរ។

របាយការណ៍បានបង្ហាញថា ចាប់តាំងពីបង្កើតទំនាក់ទំនងពេញលេញ​ឡើងវិញនៅឆ្នាំ១៩៩២ អាល្លឺម៉ង់ បានផ្តល់ជំនួយទាំងផ្នែកបច្ចេក​ទេស និងហិរញ្ញវត្ថុដល់កម្ពុជា​សរុបប្រមាណ ៧១០លានដុល្លារ​អាមេរិក​។

អាល្លឺម៉ង់ ក៏បានផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យជាច្រើន​ទៀត​ដូចជា អប់រំ, សុខាភិបាល, ដោះមីន, ការបោះឆ្នោត និងសាលា​ក្តី​ខ្មែរក្រហមជាដើម។

ក្នុងចំណោម​ប្រទេស​សមា​ជិក​​សហភាពអឺរ៉ុបចំនួន ២៧ប្រទេស អាល្លឺម៉ង់ គឺជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាធំជាងគេ។ របាយការណ៍បង្ហាញថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់មានប្រមាណ ១,២៤៧លានដុល្លារ កើនប្រមាណ ៤ភាគរយ ធៀបឆ្នាំ២០១៩។

ក្នុងនោះកម្ពុជានាំទៅអាល្លឺម៉ង់មានជាង ១ពាន់លានដុល្លារ ហើយនាំ​ចូល​ពី​អាល្លឺម៉ង់ មានប្រមាណ ១៦៣លានដុល្លារប៉ុណ្ណោះ។

ដំណើរទស្សនកិច្ចរបស់លោក ហ្វ្រាំងវា៉ល់ធ័រ ឆ្តែនម៉ៃយ័រ នៅកម្ពុជា​នាពេលនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ពិពណ៌នាថា ជាការ​បើក​ទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំណងជាប្រពៃណី ក៏ដូចជា​មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង​ប្រទេស​ទាំង​ពីរ។ ជាពិសេសនឹងពង្រឹងបន្ថែមនូវចំណងទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការ​ដ៏​ល្អដែលមានស្រាប់ សម្រាប់ផលប្រយោជន៍រវាងប្រទេស​ទាំងពីរ៕