(ភ្នំពេញ)៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបំពេញតួនាទីឈានមុខលើការផ្តល់ឱសថ ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គ ទាន់ពេលវេលា។ នេះបើតាមសារលិខិត ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អបអរសារទរដល់ «ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែមីនានេះ។

ចិនជាប្រទេសមួយដែលបានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចែកចាយនៅលើពិភពលោក ក្នុងនោះមានវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ របាយការណ៍កាលពីចុងឆ្នាំ២០២១ បានឱ្យដឹងថា ចិនបានផ្តល់វ៉ាក់សាំងកូវីដជាង ១.៥ពាន់លានដូស ដល់ប្រទេសចំនួន១០៦ និងអង្គការអន្តរជាតិចំនួន៤ ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជំងឺវីរុសជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ សម្រាប់កម្ពុជា ការផ្តល់ឱសថ ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ របស់ចិន គឺបានរួមចំណែកដល់ភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ៩២% និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិនបានផ្តល់ជំនួយជាបន្តបន្ទាប់។ បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិនបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស ដោយឡែកចិន ក៏ប្រកាសផ្តល់ជំនួយវ៉ាក់សាំង២០លានដូសបន្ថែមថ្មីបន្ថែមទៀតផងដែរ៕