(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការលក់លេខពិសេសផ្ទាល់ខ្លួន នៅដើមឆ្នាំ២០២៣ ដើម្បីបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូប អាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនាការតាំងពិព័រណ៍រថយន្តផ្សេងៗ។

ការបញ្ជាក់ដូចនេះបានលើកឡើង នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត ដែលបានរៀបចំឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតី លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងដោយមានការចូលរួមពីមន្ត្រីជំនាញនៃគណៈកម្មការអន្តរក្រសួង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងមន្រ្តីក្រុមហ៊ុនលក់រថយន្តសរុបប្រមាណ៦០រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជូនដំណឹងស្ដីពី ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត ដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនលក់រថយន្តអាចចូលរួមក្នុងពិព័រណ៍នេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំក៏បានពិភាក្សាអំពីមុខងារដេញថ្លៃលេខពិសេស នៃប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូអាចសហការលើការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

លើកឡើងនាឱកាសនោះដែរ លោកស្រី កុយ សុដានី ក៏បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ចូលរួមជាមួយក្រសួងដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន នៃប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដើម្បីអាចផ្ដល់ជម្រើសទូទាត់សេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពសម្បូរបែបផងដែរ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការការលក់លេខពិសេសផ្ទាល់ខ្លួន ដែលកម្មវិធីនេះនឹងបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូបអាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជា អាចទស្សនាការតាំងពិព័រណ៍រថយន្ត ការតាំងពិព័រណ៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការប្រគំតន្ត្រីផងដែរ៕