(ភ្នំពេញ)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ខណៈក្នុងខែមិថុនា ឆ្នាំ២០២២នេះ មានគ្រួសារចំនួន៤៩២ បានបញ្ចូលបន្ថែមនៅក្នុងទិន្នន័យ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់។

លោកលើកឡើងបែបនេះក្នុងពិធីសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។
លោក ចន ណារិទ្ធ បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តត្រឹមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ប៉ុន្តែរាជរដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាព ក្នុងការបន្តកម្មវិធីនេះរហូតដល់ដាច់ឆ្នាំ២០២២ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តដែលបាននឹងកំពុងជះឥទ្ធិពលទៅលើសង្គម និងសេដ្ឋកិច្ច។ បន្ថែមពីលើនេះ កម្ពុជាក៏រងនូវសម្ពាធសេដ្ឋកិច្ចពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ការរស់នៅ របស់ពលរដ្ឋនៅកម្ពុជាផងដែរ។

លោកបានបញ្ជាក់ផងដែរថា ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងពិនិត្យលទ្ធភាពក្នុងការគាំទ្រ ដល់គ្រួសារដែលស្ថិតលើភាពក្រីក្រមួយកម្រិត ឬក្បែរក្រ ដើម្បីកុំឱ្យពួកគេងាយធ្លាក់ចុះ ក្នុងភាពក្រីក្រទៀតផង។

លោកបានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលកំពុងតែពិចារណា ដើម្បីថ្លឹងថ្លែង ពីព្រោះការអនុវត្ត គឺអនុវត្តក្នុងជំហានបន្តទៅមុខ អ៊ីចឹងត្រូវពឹងផ្អែកខ្លាំងទៅលើការព្យាករណ៍ ទៅលើធនធានដែលមានស្រាប់ផង និងការព្យាករណ៍ពីធនធានផង ថាតើលទ្ធភាពក្នុងការផ្តល់ការគាំទ្រមានទំហំប៉ុណ្ណា ហើយតម្រូវការប៉ុណ្ណាដែរ ដែលទាំងពីរហ្នឹងមានសមមូលគ្នាដែរឬទេ»

លោកបន្តថា គិតមកពេលនេះ ចំនួនថវិកាដែលរាជរដ្ឋាភិបាលបានចំណាយទៅ លើការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កើនឡើងជាង៣១លានដុល្លារក្នុងមួយខែៗ ខណៈការអនុវត្តកាលពីពេលចាប់ផ្តើមមានត្រឹមតែពី២៨លានដុល្លារ ទៅ២៩លានដុល្លារប៉ុណ្ណោះ។

បើតាមអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងខែមិថុនា ឆ្នាំ២០២២នេះ មានគ្រួសារចំនួន៤៩២គ្រួសារ បានបញ្ចូលបន្ថែមនៅក្នុងទិន្នន័យ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ ប៉ុន្តែយ៉ាងណា ក៏មានគ្រួសារខ្លះត្រូវបានដកចេញផងដែរ បន្ទាប់ពីធ្វើការវាយតម្លៃថា ពួកគេបានចាកផុតពីភាពក្រីក្រ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ ម៉ឺនគ្រួសារ ដោយបានអនុវត្តបានរយៈពេលចំនួន ២៥ខែកន្លងមក និងចំណាយថវិកាសរុបប្រមាណ ៧៤៤ លានដុល្លារ ដោយទទួលបានការសាទរពីអ្នកទទួលផល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ៕