(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក។

ក្នុងពាក្យបណ្តឹងដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានគូសរំលេចនូវពាក្យសម្តីមួយចំនួនរបស់លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួន។ សម្តីក្នុងបទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី ចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។

ក្នុងពាក្យបណ្តឹងនេះ លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ១លានដុល្លារអាមេរិក។

សូមបញ្ជាក់ពាក់ព័ន្ធនឹងបទសម្ភាសន៍បរិហារចោទប្រកាន់លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នេះ កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានព្រមានចាត់វិធានការច្បាប់លើលោក សុន ឆ័យ ផងដែរ៕