(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ លោក កឹម សុខា ជួបជាមួយសហមេធាវីការពារក្តី នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល។

នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលការបណ្ដាញវត្តមាន Fresh News ទទួលបាន។

សេចក្តីប្រកាសបានបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ តំណាងអយ្យការបានទទួលលិខិតរបស់ពិរុទ្ធជន កឹម សុខា ដើម្បី ស្នើសុំជួបជាមួយសហមេធាវីការពារក្ដីរបស់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ ជាពិសេសជួបពិគ្រោះយោបល់ ក្នុងការប្តឹងឧទ្ធរណ៍ឲ្យទាន់ពេលវេលាកំណត់ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ដោយអនុវត្តទៅតាមសាល ក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ កថាខណ្ឌទី២ នៃសេចក្តីសម្រេចបានសម្រេចថា៖ «មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញ នៃអយ្យការអាមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ»

ក្រោយពីបានទទួល លិខិតស្នើសុំខាងលើ តំណាងអយ្យការបានអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ទទួលជួប និងឱ្យសហមេធាវីការពារក្តី ដែលមានឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៤២/ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល តាមលិខិតអនុញ្ញាតលេខ ២៦២ អយក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសម្របសម្រួលរបស់មន្ត្រីនគរបាលយុត្តិធម៌៕