(ភ្នំពេញ)៖ លោកស្រី ទេស្ប៉ានី យុប្រាហ្គឺដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាស័ក្តិសមនឹងទទួលបានការសរសើរលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងល្បឿនមួយដ៏លឿន។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

ក្នុងពិធីនេះលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ចំពោះភាពប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដោយបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ និងការចាប់ផ្តើមប្រមូលផ្តុំរបស់ប្រជាពលរដ្ឋដោយមិនមានការរឹតត្បិត។ តំណាងឱ្យប្រទេសចតុភាគី (អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា) លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ ដោយមិនខ្លាចការនឿយហត់។

លោកស្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាស័ក្តិសមនឹងទទួលបានការសរសើរផងដែរ ចំពោះការចាក់វាក់សាំងជូនប្រជាជនខ្លួន ក្នុងរយៈពេលយ៉ាងលឿនបំផុតក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក»

ជំងឺកូវីដ១៩ បានឆ្លងការរាតត្បាតខ្លាំងនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២០ និងស្ទើរពេញមួយឆ្នាំ២០២២១។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ការពារអាយុជីវិតប្រជាពលរដ្ឋ។ ទន្ទឹមនឹងការអនុវត្តតាមវិធានសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសរើសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាយុទ្ធសាស្ត្រចម្បងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

តាមរយៈកិច្ចប្រឹងប្រែងទាំងការរកវ៉ាក់សាំង និងជំរុញការចាក់វ៉ាក់សាំង ធ្វើឱ្យកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងក្នុងល្បឿនមួយយ៉ាងលឿនបំផុតឈានដល់ការសម្រេចតាមគោលដៅត្រឹមរយៈពេល៨ខែប៉ុណ្ណោះ។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែងលើការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ កម្ពុជាសម្រេចបានភាពសុាំសហគមន៍ពេញលេញក្នុងរយៈពេលត្រឹមតែ៨ខែប៉ុណ្ណោះ។

សម្តេចតេជោ បានបន្ថែមថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងអាចរក្សាដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតីរហូតមកដល់ពេលបច្ចុប្បន្ន ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «អូមីក្រុង» ដែលបានចម្លងចូលទៅសហគមន៍កម្ពុជានៅដើមឆ្នាំ២០២២។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឱ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ១៩ តាមគម្លងប្រក្រតីភាពថ្មីប្រកបដោយភាពរឹងមាំ និងសុវត្ថិភាព»

ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១១ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។

លទ្ធផលទាំងនេះ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការទាំងឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

កម្ពុជា ក៏ទើបត្រូវបានកាសែតជប៉ុន សិក្សារកឃើញថា ជាប្រទេសចំណាត់ថ្នាក់លេខ២លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័ស។ ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥.៣ភាគរយ នៅឆ្នាំ២០២២ ហើយកើនឡើងក្នុងអត្រា ៦.៥ភាគរយ នៅឆ្នាំ២០២៣៕