(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។

លោក កុយ គួង បានបញ្ជាក់ដូច្នេះថា៖ «កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។ ការលើកពេលនេះ ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ»។

សូមជម្រាបថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) គឺជាកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗ ចំនួន៤ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ មុនពេលដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៥៥ (55 AMM Retreat and Related Meetings) ដែលធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលត្រូវធ្វើឡើងនៅខែវិច្ឆិកា, និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកា ដូចគ្នាដែរនោះ៕