(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការអញ្ជើញតំណាង គណបក្សឆន្ទៈខ្មែរ ចូលរួមក្នុងសវនាការជាសាធារណៈ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដើម្បីដោះស្រាយសំណុំរឿងលេខ ១៣៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជន របស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីបំភ្លឺ របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថា នៅមុនថ្ងៃបើកសវនាការ មន្ត្រី គ.ជ.ប បានយកលិខិតអញ្ជើញ ចូលរួមសវនាការប្រគល់ដល់ដៃតំណាងគណបក្សឆន្ទៈខ្មែរ តាមលិខិតផ្ទេរសិទ្ធិលេខ ០០១/២២ គ.ឆ.ខ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណបក្សឆន្ទៈខ្មែរ គឺលោកស្រី កឹម វណ្ណា ហើយបេក្ខជនចំនួន ៨នាក់ទៀត ក៏បានទទួលលិខិតអញ្ជើញតាមរយៈអាជ្ញាធរដែនដីរួចហើយដែរ។

ទន្ទឹមនេះដើម្បីចៀសវាងការចោទប្រកាន់ថា មិនបានទទួលក្នុងការប្រគល់ទទួលលិខិតអញ្ជើញនេះ ក៏មានរូបថតនៃការប្រគល់ទទួលជាសម្អាងថែមទៀតផង។ ប៉ុន្តែគួរឱ្យ សោកស្ដាយនៅក្នុងថ្ងៃសវនាការ គ.ជ.ប ពុំឃើញមានវត្តមានតំណាងណាម្នាក់របស់គណបក្សឆន្ទៈខ្មែរ មកចូលរួមតាមការអញ្ជើញឡើយ។ ដូចនេះការលើកឡើង របស់គណបក្សឆន្ទៈខ្មែរ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មិនបានទទួលលិខិតអញ្ជើញចូលរួមសវនាការ គឺមិនត្រឹមតែពុំមែនជាការពិតប៉ុណ្ណោះទេ ថែមទាំងជាការមិន ទទួលខុសត្រូវរបស់គណបក្សនេះតែម្ដង។

នៅក្នុងសេចក្តីបំភ្លឺ បានបញ្ជាក់ទៀតថា សេចក្ដីសម្រេចរបស់ គ.ជ.ប តាមរយៈអង្គសវនាការជាសាធារណៈថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយផ្អែក លើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់តាមបែបបទ និងនីតិវិធីសម្រាប់ការដោះស្រាយពាក្យបណ្ដឹងរបស់ គ.ជ.ប។

គ.ជ.ប សូមសំណូមពរ និងអំពាវនាវដល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គោរព និងអនុវត្តឱ្យខាងតែបាននូវបញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងសូមឱ្យមានការទទួលខុសត្រូវខ្ពស់៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ គ.ជ.ប ៖