(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជយលាភី នៃប្រភេទកីឡាវ៉ូវីណាមកម្ពុជា បានទទួលការសាទរ និងលើកទឹកចិត្តពីសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា តាមរយៈការរៀបចំអាហារសាមគ្គី និងការឧបត្ថម្ភសម្ភារៈមួយចំនួននាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាមកាលពីថ្មីៗ។

ក្នុងឱកាសរៀបចំអាហារសាមគ្គីជូនម្ចាស់មេដាយកីឡាវ៉ូវីណាមខាងលើ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានបង្ហាញនូវការអបអរសាទរ និងកោតសរសើរ ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលខិតខំប្រឹងប្រែងដណ្ដើមបានមេដាយជូនជាតិ ពិសេសកីឡាវ៉ូវីណាម ដែលបានខិតខំប្រឹងប្រែង រហូតដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងចំណោមមេដាយសរុប ៦៣គ្រឿង ដែលអត្តពលិកកម្ពុជាដណ្ដើមបានពីព្រឹត្តិការណ៍ប្រចាំតំបន់នេះ។

តាមរយៈនេះ លោកបានសន្យានឹងបន្ដការគាំទ្របន្ថែមទៀតដល់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនាពេលខាងមុខ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ កាលពីថ្មីៗ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី ១៨នាក់ចូលរួម ក្នុងនោះដណ្ដើមបានមេដាយ ១៤គ្រឿង គឺមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩។ លោកប្ដេជ្ញាថា ឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម សហព័ន្ធនឹងខិតខំប្រឹងបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលឲ្យកាន់តែល្អប្រសើរជាងនេះ។

សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ ដែលត្រូវបានពន្យារពេលកាលពីចុងឆ្នាំ២០២១ មករៀបចំនៅឆ្នាំ២០២២ បានបញ្ចប់ការប្រកួតកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ដោយកម្ពុជាដណ្ដើមបានមេដាយសរុប ៦៣គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១។ ទន្ទឹមជាមួយគ្នា កម្ពុជាក៏បានទទួលទង់ស៊ីហ្គេមរួចរាល់ សម្រាប់ដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ៕