(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានចេញមកអះអាងថា លោក សម រង្ស៉ី បានក្បត់លោក កឹម សុខា តាំងតែពីមួយថ្ងៃបន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ហើយមានសកម្មភាពរហូតដល់១៤ចំណុច ដែលបញ្ជាក់ថា លោក សម រង្ស៉ី ក្បត់នឹងលោក កឹម សុខា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក មុត ចន្ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា «លោក សម រង្ស៉ី បានក្បត់ លោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោក សម រង្ស៉ី បានអំពាវនាវឱ្យអ្នកនយោបាយរបស់គាត់ចាប់ពីសមាជិករដ្ឋសភា-ព្រឹទ្ធសភា រហូតដល់មន្រ្តីជាប់ឆ្នោតថ្នាក់ក្រោមជាតិមានៈ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត និងមន្រ្តីជាប់ឆ្នោតមូលដ្ឋានមានៈ មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៥,០០៧ក្រុមប្រឹក្សា រត់ចេញទៅក្រៅប្រទេសចោល លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំ និងញុះញង់បញ្ឆេះឱ្យរំលាយគណបក្សសង្រ្គោះជាតិ ឱ្យបានឆាប់តាមរយៈសេចក្តីថ្លែងការណ៍ពីប្រទេសអ៉ីតាលីមក»

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមថា លោក សម រង្ស៉ី បានប្រព្រឹត្តអំពើក្បត់សម្ព័ន្ធភាពនយោបាយ និងដៃគូនយោបាយជាមួយ លោក កឹម សុខា តាមរយៈសកម្មភាពជាក់មួយចំនួនដូចខាងក្រោម ៖

ទី១៖ លោក សម រង្ស៉ី បានប្រមាថ លោក កឹម សុខា ថាជាប់គុកសប្បនិម្មិត ជាប់គុកក្លែងក្លាយ ជាប់គុកឥតប្រយោជន៍។

ទី២៖ លោក សម រង្ស៉ី បានជាន់ឈ្លីប្រមាថ លោក កឹម សុខា ដោយយកសេរីភាពរបស់គាត់ធ្វើជាល្បែងភ្នាល់លេងសើច។

ទី៣៖ លោក សម រង្ស៉ី បានបង្កើតចលនាសង្រ្គោះជាតិដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសចាត់ទុកជា «ចលនាឧទ្ទាមក្រៅច្បាប់» ដើម្បីផ្តួលរំកំរាជរដ្ឋាភិបាល ដែលគាត់មានចេតនាភ្ជាប់សកម្មភាពហិង្សា និងខុសច្បាប់នេះជាមួយ លោក កឹម សុខា ក្នុងគោលបំណងធ្វើយ៉ាងណាបន្ទុចបង្អាក់មិនឱ្យមានដំណោះស្រាយសម្រាប់ លោក កឹម សុខា។ យើងបានបដិសេធមិនជាប់ពាក់ព័ន្ធក្នុងអំពើខុសច្បាប់នេះឡើយ។

ទី៤៖ លោក សម រង្ស៉ី បានដណ្តើមអំណាចចូលកាន់កាប់គណៈកម្មការចំពោះកិច្ចរបស់ គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលបានបង្ក និងបង្កើតឱ្យមានការបែកបាក់ផ្ទៃក្នុងស្ទើរតែទាំងស្រុង តាមរយៈអំពើខុសច្បាប់រំលោភលក្ខន្តិកៈ ដោយឈូសចោលរចនាសម្ព័ន្ធ និងអ្នកដឹកនាំក្នុងរចនាសម្ព័ន្ធដែលមានស្រាប់ និងរៀបចំរចនាសម្ព័ន្ធថ្មី និងតែងតាំងមនុស្សថ្មីដែលជាមនុស្សរបស់គាត់ ហើយបានផាត់ចោលមនុស្សរបស់គណបក្សសិទ្ធិមនុស្សទាំងអស់។

ទី៥៖ លោក សម រង្ស៉ី បានបង្កើតក្រុមឆ្កែញីកាច និងក្រុមលាបពណ៌ ឬហៅថា «ក្រុមថ្នាំលាប U90» ដើម្បីវាយប្រហារ ប្រមាថ ចោទ និងលាបពណ៌ លោក កឹម សុខា កូនស្រីរបស់គាត់ និងមនុស្សជិតស្និទ្ធដទៃទៀត។

ទី៦៖ លោក សម រង្ស៉ី បានដឹកនាំធ្វើបក្សប្រហារដោយរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីដណ្តើមយកមុខតំណែងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលគាត់មានចេតនាបង្វែរ និងផ្តាច់សហគមន៍អន្តរជាតិឱ្យងាកការចាប់អារម្មណ៍ចេញឆ្ងាយពី លោក កឹម សុខា និងឱ្យងាកមកសហការធ្វើការងារជាមួយគាត់ក្នុងនាមគាត់ជាប្រធានស្តីទីបក្សខុសច្បាប់វិញ ប៉ុន្តែអំពើក្បត់នេះមិនបានសម្រេចឡើយ ព្រោះសហគមន៍អន្តរជាតិមិនបានទទួលលោក សម រង្ស៉ី និងបានបំភ្លេចគាត់ចោលទាំងស្រុង។

ទី៧៖ លោក សម រង្ស៉ី បានរៀបចំផែនការ ៩ វិច្ឆិកា ២០១៩ នូវអ្វីដែលគាត់បានប្រកាសពីការវិលត្រឡប់ចូលកម្ពុជាវិញ ដើម្បីចាប់ខ្លួន សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំខ្លួនយកទៅកាត់ទោសដោយតុលាការប្រជាជន។ អ្នកណាក៏ដឹងដែរថា លោក សម រង្ស៉ី គឺជាមនុស្សកំសាកញីគ្មានភាពក្លាហានហ៊ានប្រឈម និងប្រថុយជីវិត ដើម្បីប្រយុទ្ធតតាំងដោយអហិង្សាជាមួយស្ថានការណ៍ចំពោះមុខផ្ទាល់ឡើយ ដូច្នេះផែនការរបស់គាត់នេះគ្រាន់តែគោះស្គរប៉ោតបង្កើតព្រឹត្តិការណ៍ធ្វើឡើង កុំឱ្យប្រជាពលរដ្ឋខ្មែរបំភ្លេចឈ្មោះ និងវត្តមានរបស់គាត់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ លោក សម រង្ស៉ី មានចេតនាភ្ជាប់ផែនការខុសច្បាប់នេះជាមួយ លោក កឹម សុខា ប៉ុន្តែត្រូវបានក្រុមមេធាវី និងមនុស្សជំនិតរបស់គាត់ចេញមុខបដិសេធជាសាធារណៈ។ ជាងនេះទៀត គាត់ (សម រង្ស៉ី) មានចេតនាបង្កស្ថានការណ៍ឱ្យវឹកវរ ដើម្បីបន្ទុចបង្អាក់ដំណោះស្រាយណាមួយសម្រាប់ លោក កឹម សុខា។ ជាលទ្ធផលនៃផែនការបោកប្រាសនេះ បាននាំឱ្យមានគ្រោះថ្នាក់ដល់សកម្មជនរាប់រយនាក់ ដែលមិនដឹងអំពីពុតត្បុតកលល្បិចរបស់ លោក សម រង្ស៉ី ត្រូវរត់ចោលស្រុកព្រាត់ប្រាសក្រុមគ្រួសារ និងមួយចំនួនធំត្រូវបានច្បាប់ និងឃុំខ្លួន ហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់ទោសដាក់ពន្ធនាគារពី ៦ឆ្នាំ ដល់ ៨ឆ្នាំ។

ទី៨៖ លោក សម រង្ស៉ី បានប្រកាសផែនការវិលត្រឡប់លើកទី២ និងរៀបចំផែនការស៉ីនំបញ្ចុកនៅមូលដ្ឋាន ហើយនៅពេលជាមួយគ្នាបានប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុងកាំភ្លើងប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែសីហា ឆ្នាំ២០២០។ លោក សម រង្ស៉ី មានចេតនាភ្ជាប់ផែនការខុសច្បាប់នេះជាមួយ លោក កឹម សុខា ប៉ុន្តែត្រូវបានក្រុមមេធាវី និងមនុស្សជំនិតរបស់គាត់ចេញមុខបដិសេធជាសាធារណៈ។ ជាលទ្ធផលនៃផែនការបោកប្រាសនេះ បានបណ្តាលឱ្យសកម្មជននៅមូលដ្ឋានជាច្រើននាក់ត្រូវបានចោទប្រកាន់ពីតុលាការ, ត្រូវបានចាប់និងឃុំខ្លួន, រត់ចោលស្រុក និងមួយចំនួនត្រូវបង្ខំចិត្តប្តូរនិន្នាការនយោបាយចុះចូលដើម្បីគេចពីការចាប់ខ្លួន។

ទី៩៖ លោក សម រង្ស៉ី បានបង្កើតពាក្យស្លោក «សម រង្ស៉ី-កឹម សុខា គឺជាមនុស្សតែមួយ» ដោយអត្តនោមតិ ក្នុងចេតនាភ្ជាប់ លោក កឹម សុខា ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួន និងដើម្បីយកឈ្មោះនិងរូបថតរបស់ លោក កឹម សុខា ទៅដើរប្រមូលលុយដាក់ហោរប៉ៅផ្ទាល់ខ្លួន។ ក្រុមមេធាវី និងមនុស្សជំនិតរបស់គាត់ចេញមុខបដិសេធជាសាធារណៈ និងបានទាមទារលោក សម រង្ស៉ី ឱ្យបញ្ឈប់ប្រើប្រាស់ពាក្យស្លោកនេះតទៅទៀត ប៉ុន្តែលោក សម រង្ស៉ី នៅតែមានះចចេស។

ទី១០៖ លោក សម រង្ស៉ី បានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាច្រើនលើកផ្ទួនៗ ដែលជាអំពើរំលោភច្បាប់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ។ អំពើនេះបានបង្ហាញយ៉ាងច្បាស់ថា លោក សម រង្ស៉ី គ្មានបំណងវិលត្រឡប់មកជ្រកកោនក្រោមដំបូលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធម្មនុញ្ញ ដែលជារបបរាជានិយមអាស្រ័យធន្មនុញ្ញ ទៀតឡើយ។

ទី១១៖ លោក សម រង្ស៉ី បានបន្តលាបពណ៌ និងប្រមាថ សម្តេច ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីអូស លោក កឹម សុខា ឱ្យធ្លាក់ចូលក្នុងជម្លោះដោយអសីលធម៌ និងអគុណធម៌របស់ខ្លួន ក្នុងចេតនាបន្ទុចបង្អាក់ដំណោះស្រាយសម្រាប់ឯកភាពជាតិខ្មែរ។ មនុស្សជំនិតរបស់ លោក កឹម សុខា បានចេញមុខថ្កោលទោស និងបដិសេធការជាប់ពាក់ព័ន្ធជាមួយអំពើអសីលធម៌និងអគុណធម៌របស់លោក សម រង្ស៉ី ជាបន្តបន្ទាប់។

ទី១២៖ សម្ព័ន្ធភាពនយោបាយ រវាងគណបក្សសមរង្ស៉ី បច្ចុប្បន្នបក្សភ្លើងទៀន និង គណបក្សសិទ្ធិមនុស្ស ឬភាពជាដៃគូនយោបាយរវាង សម រង្ស៉ី និង កឹម សុខា ត្រូវបានបញ្ចប់ជាស្ថាពរ នៅត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលបក្សភ្លើងទៀនបានរៀបចំសមាជវិសាមញ្ញប្រកាសផ្តាច់ខ្លួន ចេញពសម្ព័ន្ធភាពក្នុងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ សម្រេចចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលលោក សម រង្ស៉ី បានដឹកនាំបញ្ជាបក្សភ្លើងទៀនដោយផ្ទាល់ និងប្រយោល រួមទាំងឃោសនា និងកៀរគរថវិកាជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់បក្សភ្លើងទៀន។ លោក សម រង្ស៉ី បានប្រកាសយ៉ាងច្បាស់ថា នៅពេលបក្សភ្លើងទៀនឈ្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ គាត់នឹងវិលត្រឡប់ចូលកម្ពុជាវិញ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២។
ជាកត្តាសត្យានុម័តិ លោក សម រង្ស៉ី មិនអាចតាំងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលគាត់បានលើកបន្តុបខ្លួនឯងនៅក្នុងអំពើបក្សប្រហារ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាតាឡង់តា រដ្ឋហ្សកហ្ស៊ី នៃសហរដ្ឋអាមេរិក បានតទៅទៀតទេ ព្រោះបក្សភ្លើងទៀនរបស់គាត់បានបែកចេញរួចហើយ។
នេះជាអំពើក្បត់យ៉ាងច្បាស់ក្រឡែតទាំងភ្នែកស្រស់។ លោក កឹម សុខា បានប្រកាសដោយឆន្ទៈសេរីនៅលើទំព័រហ្វេសផ្លូវការរបស់លោក នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានស្នើឱ្យលោក សម រង្ស៉ី និងគូកនបញ្ឈប់ប្រើប្រាស់ឈ្មោះ និងរូបថតរបស់លោក ជាពិសេសពាក្យស្លោកដែលគាត់ (សម រង្ស៉ី) បានបង្កើតឡើងដោយអត្តនោម័តិ គឺ «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ» តទៅទៀត។ មនុស្សជំនិត និងក្រុមមេធាវីការពារក្តីរបស់ លោក កឹម សុខា ធ្លាប់បានប្រកាសជាហូរហែជឆច្រើនលើក នៅមុនថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានស្នើលោក សម រង្ស៉ី និងបក្ខពួកឱ្យបញ្ឈប់ប្រើប្រាស់ឈ្មោះ និងរូបថតរបស់ លោក កឹម សុខា ប៉ុន្តែលោក សម រង្ស៉ី នៅតែបន្តប្រើប្រាស់ដោយគគ្លើន និងដោយមិនចេះអៀនខ្មាស់។

ទី១៣៖ នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់រួច ដោយមើលឃើញលទ្ធផលបោះឆ្នោតរបស់បក្សភ្លើងទៀនមិនបានឈ្នះដូចការរំពឹងទុកដែលជាការបរាជ័យយ៉ាងអាម៉ាស់កើតចេញ ពីអំពើក្បត់នេះ លោក សម រង្ស៉ី បានវាយប្រហារ លោក កឹម សុខា ថា ការណ៍ដែលលោកមិនចេញទៅបោះឆ្នោត គឺបានប្រព្រឹត្តនូវកំហុសធ្ងន់ធ្ងរ។ លោកបណ្ឌិត សូ ណារ៉ូ បានចង្អុលមុខលោក សម រង្ស៉ី ថា «បើសិនជាមិនឡប់សតិ ក៏ឆ្គួតដែរ ព្រោះតាំងខ្លួនជាប្រធានស្តីទីបក្សនយោបាយមួយ បែរជាឃោសនាឱ្យបក្សនយោបាយផ្សេង និងខឹងសម្បារគេមិនទៅបោះឆ្នោតឱ្យបក្សនយោបាយផ្សេងមួយទៀត គឺបក្សភ្លើងទៀន។ ចំណុចនេះបានបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី បានក្បត់ លោក កឹម សុខា ដោយផ្តាច់ខ្លួនបក្សភ្លើងទៀនចេញពីសង្រ្គោះជាតិ និងសម្ព័ន្ធភាពជាមួយ លោក កឹម សុខា ដោយក្បត់ឆន្ទៈ និងស្មារតីរួបរួម។

ទី១៤៖ លោក កឹម សុខា បានប្រើប្រាស់ជម្រើសរបស់លោកមិនទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយមួយក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង ១៧គណបក្ស រួមទាំងបក្សភ្លើងទៀន ព្រោះលោកមិនបានគាំទ្រគណបក្សណាមួយឡើយ។ ការណ៍ដែលលោកមិនទៅនោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា គឺលោកបន្តគោរពឆន្ទៈប្រជាពលរដ្ឋ និងស្មារតីរួបរួម ហើយក៏ដើម្បីបញ្ចៀសការចោទប្រកាន់ថាលោកបោះឆ្នោតឱ្យបក្សនយោបាយនេះ ឬបក្សនោះ ដែលអាចបង្កើតឱ្យមានមន្ទិល។

លោក មុត ចន្ថា បានបន្តថា ដូច្នេះអំពើអសីលធម៌ និងអំពើក្បត់ទាំងភ្នែកស្រស់ទាំងនេះ ជាពិសេសក្នុងឋានៈខ្លួនជាទណ្ឌិតតាមរយៈសាលក្រម-សាលដីកាស្ថាពរបែបនេះ ហេតុអីនៅតែស្រមៃចង់ចាប់ដៃជាមួយ លោក កឹម សុខា ទៀត? ប្រហែលជាត្រូវដាំចេកសិនហើយមើលទៅ!

លោកបានបន្តថា នៅក្នុងបន្ទប់សវនាការនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ជាការឆ្លើយតបទៅនឹងសំណួររបស់តំណាងអយ្យកាេដែលចោទសួរថា បើដឹងថា លោក សម រង្ស៉ី ហិង្សា និងជ្រុលនិយម ហេតុអីរួបរួមជាមួយគ្នាទៀត។ លោក កឹម សុខា បានបញ្ជាក់ថា ការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២ គឺបានធ្វើឡើងតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនតាមបរទេសណាប្រាប់ឱ្យធ្វើ ឬបង្គាប់បញ្ជាឡើយ និងផ្អែកលើគោលការណ៍អហិង្សា លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ហើយនិងច្បាប់ជាតិជាធរមាន។ លោក កឹម សុខា បានប្រកាសបញ្ជាក់ជំហរយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងគាត់ និង លោក សម រង្ស៉ី គ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ និងបានចប់ហើយ។ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលណាលោកមានសិទ្ធិពេញលេញ លោកនឹងធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ជំហរជាសាធារណៈឱ្យកាន់តែច្បាស់៕