(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចថ្មីបន្ថែមទៀត នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយមានអត្រាការឆ្លងកើនឡើងថ្មី ជា «តំបន់លឿងទុំ»។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានកំណត់យ៉ាងដូច្នេះថា «ត្រូវបានកំណត់ផ្នែកខ្លះ នៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មីជា តំបន់លឿងទុំ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩»។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញផែនទីនៃការកំណត់ភូមិសាស្ដ្រខាងលើជា «តំបន់លឿងទុំ» ដែលភ្ជាប់ជាមួយសេចក្ដីសម្រេចនេះផងដែរ។

សូមជម្រាបថា ការសម្រេចដាក់បន្ថែមតំបន់លឿងទុំ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អត្រាអ្នកឆ្លងជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានការកើនឡើងវិញ៕