(ពោធិ៍សាត់)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា-ស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់១៣នាក់ ខណៈមនុស្សជាង៧០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមសេចក្ដីរាយការណ៍ ក្នុងចំណោម មនុស្សទាំងជាង៧០នាក់នោះ មានអ្នកសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ១២នាក់ ព្រមទាំងអ្នកកំពុងសង្គ្រោះនៅខេត្ត ចំនួន៦២នាក់ ដែលការសង្រ្គោះទាំងអស់គឺជាការយកចិត្តទុកដាក់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងការជួយគាំទ្រដោយ លោក កែវ រតនៈ។

យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រា-សនេះ រួមមាន៖

*ទី១៖ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ (ប្តី)
*ទី២៖ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីស្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ចំនួន១៣នាក់ ក្រោយពួកគាត់បានហូបស្រាជុំគ្នាដើម្បីកំដរបុណ្យសពកាលពីប៉ុន្មានថ្ងៃមុននេះ។

កាលពីពេលថ្មីៗនេះ ក៏មានករណីពុលស្រា-ស២លើកហើយ ដែលបានកើតឡើង និងបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ជាបន្ដបន្ទាប់ ក្នុងនោះនៅស្រុកល្វាឯម ខេត្តកណ្ដាល និងស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងនោះពាក់ព័ន្ធជាម្ចាស់អាជីវកម្មបិទស្រានេះ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការផងដែរ។

សម្រាប់ករណីពុលស្រានៅស្រុកល្វាឯម ខេត្តកណ្ដាល បានបណ្ដាលឲ្យមនុស្ស១២នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ផ្សេងទៀត។ ដោយឡែក ករណីពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យមនុស្ស៩នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាង៣០នាក់ផងដែរ៕