(ភ្នំពេញ)៖ លោក ផាតទ្រីក មូហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានទទួលស្គាល់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿងបំផុតសម្រាប់ទសវត្សរ៍ចុងក្រោយនេះ។ ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះហើយ ដែលនាំឱ្យមានក្រុមហ៊ុនអាមេរិកកាន់តែច្រើនមានវត្តមាននៅកម្ពុជាផងដែរ។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញរួមគ្នាសម្ពោធដាក់ឱ្យដំណើរការស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ទី៥០ នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតអាមេរិក បានបង្ហាញនូវមោទនភាពជាខ្លាំងចំពោះក្រុមហ៊ុនឆេវរ៉ុន (Chevron) និងកាល់តិច (Caltex) ចំពោះការវិវឌ្ឍន៍ខ្លួនយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានចាត់ទុកការវិវឌ្ឍន៍នេះ ជាសញ្ញាណដ៏ល្អនៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិក។

ឆ្លើយនឹងសំណួររបស់អ្នកព័ត៌មាន Fresh News ថា តើមានកត្តាអ្វីខ្លះដែលនាំអាជីវកម្មរបស់ប្រទេសអាមេរិកដុះដាលនៅកម្ពុជានោះ? លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា កម្ពុជា គឺជាទីផ្សារមួយដែលកំពុងមានភាពល្អប្រសើរ ហើយបានក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក។

លោក ផាតទ្រីក មូហ្វី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ជាការពិតណាស់ នៅទីនេះ (ប្រទេសកម្ពុជា) គឺជាទីផ្សារដែលកំពុងពង្រីក ដែលវាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោកសម្រាប់ទសវត្សរ៍ចុងក្រោយនេះ»

លោកបន្តថា «កម្ពុជា ជាប្រទេសដែលមានចំនួនប្រជាជនវ័យក្មេង ហើយមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងសម្រាប់ឱ្យម៉ាកយីហោអាមេរិក ផ្តល់ជូនដូចជាសេវាកម្មគុណភាព ការធានា និងការបង្កើតថ្មី។ ជាក់ស្ដែង សព្វថ្ងៃនេះយើងបាននាំមកនូវស្ថានីយ៍ប្រេងឥន្ធនៈសាធារណៈដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយការបញ្ចូលភ្លើងរថយន្តអគ្គិសនី»។

នៅពេលសួរថា តើកម្ពុជា ជាប្រទេសមានបរិយាកាសល្អសម្រាប់ការវិនិយោគដែរឬទេ? លោកឯកអគ្គរដ្ឋទូត ក៏បានទទួលស្គាល់ថា បរិយាកាសវិនិយោគនៅកម្ពុជា មានការវិវឌ្ឍន៍ល្អ។ លោកបានបញ្ជាក់ដូច្នេះ «ពិតណាស់! វា(បរិយាកាសវិនិយោគ) មានការរីកចម្រើន»

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា ព្រោះតែភាពអំណោយផលនៃការវិនិយោគនេះ ទើបនាំឱ្យមានក្រុមហ៊ុនរបស់អាមេរិកជាច្រើន កំពុងពង្រីកខ្លួននៅកម្ពុជា។ លោកបានបញ្ជាក់ថា «យើងមាននិយោជកធំៗនៅទីនេះ ដូចជាក្រុមហ៊ុន Coca Cola ក្រុមហ៊ុន American Hardwood Flooring ក្រុមហ៊ុនផលិតដប Crown Bottling Company និងក្រុមហ៊ុនផ្សេងៗទៀត។ នេះជាការពង្រីក ហើយយើងបានពិភាក្សាជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភាគីពាក់ពន្ធ័អំពីវិធីកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែទាក់ទាញ»

យោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាមេរិកបានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិកមានទំហំ ៨៧៥.៥លានដុល្លារ កើនឡើងប្រមាណ ៤២.៤៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ៦១៤.៥លានដុល្លារប៉ុណ្ណោះ។

របាយការណ៍បង្ហាញថា ការនាំទំនិញពីកម្ពុជាចូលទៅសហរដ្ឋអាមេរិកសម្រាប់ខែមករា ឆ្នាំ២០២២ មានទំហំជាទឹកប្រាក់ ៨៤៧.៦លានដុល្លារ មានការកើនឡើងប្រមាណ ៤៥.៩៨% ធៀបនឹងខែមករា ឆ្នាំ២០២១កន្លងទៅ ដែលមានត្រឹមតែ ៥៨០.៦លានដុល្លារ។ ប៉ុន្តែការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ មានការធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នា ពោលគឺកម្ពុជាបាននាំទំនិញពីអាមេរិកមកក្នុងទំហំជាទឹកប្រាក់ ២៧.៩លានដុល្លារ ដែលបានធ្លាក់ចុះប្រមាណ១៧.៦៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានទំហំ ៣៣.៩លានដុល្លារ។

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិក កាលពីឆ្នាំ២០២១ មានទំហំ ៩.១៥ពាន់លានដុល្លារ កើនឡើងប្រមាណ ៣២.៦១% ធៀបនឹងឆ្នាំ២០២០ ដែលមានទំហំជាង ៦.៩ពាន់លានដុល្លារ៕