(ភ្នំពេញ)៖ អង្គមហាសន្និបាទ សហព័ន្ធកីឡាហែលទឹក បានសម្រេចបោះឆ្នោតឱ្យលោកសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអាណត្តិទី៦ ជាប់ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកសម្រាប់អាណត្តិទី៧បន្តទៀត ដើម្បីបន្តដឹកនាំសហព័ន្ធ។

ការសម្រេចបោះឆ្នោតនេះបានធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលអគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាហែលទឹក បានរៀបចំមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ, អ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកគ្រូបង្វឹក និងកីឡាករកីឡាការិនី នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី បានឱ្យដឹងថា អង្គមហាសន្និបាតបានសម្រេចបោះឆ្នោតជ្រើសរើសសមាសភាពសមាជិកប្រតិបត្តិថ្មីរបស់ខ្លួន ក្នុងនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីដឹកនាំសហព័ន្ធបន្ត ចំណែកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានជ្រើសរើសជាអនុប្រធានសហព័ន្ធ។

បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោកទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និងស្វែងរកមេដាយជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានទៀងទាត់ គោរពតាមវិន័យរបស់សហព័ន្ធ ស្ដាប់ដំបូន្មានរបស់គ្រូបង្វឹកឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមយកមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ។

លោកទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានផ្ដល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តជូនក្រុមកីឡាករដែលទទួលបានជ័យលាភីមេដាយសំរឹទ្ធពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលបានប្រព្រឹត្តទៅនៅ ប្រទេសវៀតណាមផងដែរ។

សូមជម្រាបជូនថា មហាសន្និបាតនាពេលនេះ គឺជារបត់ថ្មីមួយដែលគោរពតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីភាពរឹងមាំខាងផ្នែករដ្ឋបាលកីឡា និងបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការប្រកួតកីឡាជាអន្តរជាតិនានាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕