(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការស្តីពី ការអនុញ្ញាត ឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបានបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។

នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងទៀតថា ការបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ។

នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា ម្ចាស់រថយន្តត្រូវទៅដាក់លិខិតប្រកាស នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណះភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា ឬនៅតាមធនាគារ ដែលបាន ចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត (សៀវភៅឈៀក) ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖