(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមុខរិះគន់ជាថ្មីចំពោះ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសកៀរគរមនុស្សបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ កាលពីពេលថ្មីៗនេះ។

តាមរយៈបណ្តាញសង្គម Facebook លោក មុត ចន្ថា បានចាត់ទុកថា ការប្រកូកប្រកាសរបស់ទណ្ឌិត សម រង្ស៉ី ក្នុងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាអន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច។

លោក មុត ចន្ថា បានសរសេររិះគន់លោក សម រង្ស៉ី ដូច្នេះថា៖ «សម រង្ស៉ី បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ! អន្ទាក់ថ្មីដាក់អ្នកនយោបាយ និងសកម្មជនមមាច។ លោក កឹម សុខា ព្យាយាមរកដំណោះស្រាយក្នុងស្រុក រីឯលោកសម រង្ស៉ី ខំប្រឹងអូសចេញ។ ភាពខុសគ្នា!»

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ លោក សម រង្ស៉ី ដែលរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកូកប្រកាសអំពាវនាវតាមបណ្តាញសង្គម Facebook ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលខុសច្បាប់មួយ ដោយអះអាងថា យកលំនាំតាមប្រទេសមីយ៉ាន់ម៉ា ដែលកំពុងផ្ទុះជម្លោះផ្ទៃក្នុងរយៈពេលជិតកន្លះឆ្នាំមកហើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងនៅក្នុងបណ្តាញ Telegram ដោយចាត់ទុកការអំពាវនាវរបស់ លោក សម រង្ស៉ី ថាជាការកើតរោគអផ្សុក និងរវើររវាយស្រមើស្រមៃឃើញនេះឃើញនោះមិនឈប់ និងថា «ជិតឆ្កួត»។ ជាមួយគ្នានេះ លោកគូសបញ្ជាក់ដែរថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាជនក្រៅច្បាប់ ហើយជនណាដែលមានទំនាក់ទំនងជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គឺជាជនខុសច្បាប់។

ចំណែក លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានហៅការអំពាវនាវរបស់ លោក សម រង្ស៉ី ថាជាការស្រមើស្រមៃ និងជាចម្កួតនយោបាយផងដែរ ខណៈដែលអ្នកគាំទ្របានអស់ជំនឿរួចទៅហើយ ចំពោះទណ្ឌិតរូបនេះ។

លោកលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំ ហៅថាជាការស្រមើស្រម៉ៃនិងជាចម្កួតនយោបាយ ពីព្រោះបុគ្គលមេដឹកនាំបក្សខ្មោចរត់ចោលស្រុករូបនេះ បានអស់លក្ខណ៍នយោបាយរបស់ខ្លួនទៅហើយ… ហើយជីវិតនយោបាយរបស់ខ្លួនក៏វាបានស្លាប់បាត់ទៅហើយ នៅពេលដែលអតីតៈកូនចៅ ជាថ្នាក់ដឹកនាំក្នុងបក្សខ្លួនចេញទៅបង្កើតគណបក្សថ្មី ព្រោះគេលែងមានជំនឿ គេអស់ជំនឿនឹងការរងចាំ ការបោកប្រាស់របស់បុគ្គលនេះដែលចេះត្រឹមតែអង្គុយទាញយក ព្រឹត្តិការណ៍អន្តរជាតិមកបោកប្រាស់លួងលោមឲ្យគេរងចាំខ្លួនថ្ងៃនេះ ថ្ងៃនោះ ឆ្នាំនេះ ឆ្នាំក្រោយជាច្រើនលើក ហើយប្រមូលតែលុយយកទៅចាយវាយសប្បាយហ៊ឺហារតែពីរនាក់ប្តីប្រពន្ធកូនចៅខ្លួននោះ»

ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ កាលពីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ ក្រោមការចោទពីបទ ឧបឃាត ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ទណ្ឌិត សម រង្ស៊ី ក៏មានសំណុំរឿងស្អែកស្កះនៅកម្ពុជា ដោយក្នុងនោះ មានទាំងសាលក្រមចូលជាស្ថាពរ និងបន្តនីតិវិធីមួយចំនួន។ ស្របពេលជាមួយគ្នានេះ កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ លោក ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕